ជំហរនយោបាយការបរទេសកម្ពុជា គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងជាមួយមិត្តថ្មី

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស ឯកឧត្តម គង់ ភោគ បានលើកឡើងថា ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនខុសពីអាណត្តិក្រោមការដឹកនារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនោះឡើយ គឺរក្សាសង្គតភាព ជំរុញបន្ថែមទៀតរាល់សកម្មភាព នូវរាល់ការងារអាទិភាព រក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី ។

ឯកឧត្តម បន្ថែមថា តាមរយៈ យោបាយការបរទេសកម្ពុជា បន្តជំរុញតួនាទី នៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយការបរទេសលើឆាកពិភពលោក។

ការលើកឡើង របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» ។ វេទិកានេះរៀបចំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនទៀតផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបបនេះ បានលើកឡើងថា ជំហរគោលនយោបាយការបរទេសរបស់កម្ពុជា គឺរក្សាសង្គតិភាព និងនិរន្តរភាពនៃនយោបាយការបរទេស ពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ អ្វីដែលអាណត្តិថ្មីនេះ ត្រូវធ្វើ គឺជំរុញបន្ថែមទៀតរាល់ការងារអាទិភាពទាំងអស់នោះ» ។

ឯកឧត្តម បន្ថែមថា ការងារអាទិភាពមួយចំនួន ដែលជាការងារសំខាន់សម្រាប់កិច្ចការបរទេសរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាទៅអាណត្តិក្រោយៗទៀតនោះ គឺបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូនានានៅជុំវិញពិភពលោក បន្តជំរុញការដំឡើងកម្រិតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជាជាមួយដៃគូ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជា ឱ្យស្របតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី ។

ឯកឧត្តម គង់ ភោគបន្តថា ការងារអាទិភាពមួយចំនួនដែលផ្តោតសំខាន់សម្រាប់ការងារនយោបាយការបរទេស និងសម្រាប់អាណត្តិរាជរដ្ឋាភិ បាលបន្តបន្ទាប់ទៀត ដែលជាការងារត្រូវអនុវត្តជាទៀងទាត់ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់ ពិភពលោកជារួមមាន៖ ការបន្តជំរុញពង្រឹងទំនាក់ទំនងជាមួយដៃគូនានា លើពិភពលោក។ មានការដំឡើងកម្រិតដៃគូ មួយចំនួនទៅជាប្រទេសជប៉ុន ថៃ ហើយថ្មីៗនេះកម្ពុជា បានដំឡើងប្រទេសកូរ៉េខាងត្បូង ជាដៃគូយុទ្ធសាស្ត្រ។

ឯកឧត្តម បញ្ជាក់បន្តថា រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបង ជាមួយដើម្បីរក្សាសន្តិសុខ ស្ថេរភាពតាមបន្ទាត់ព្រំដែននិងចូលរួម លើកកម្ពស់សេដ្ឋកិច្ចលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ សួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner