ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដាក់ចេញវិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ​ពិ ភាក្សាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងវិនិយោគ​ពាក់​ព័ន្ធ នឹងអគារជាប់គាំង ។

កិច្ចប្រជុំនេះធ្វើឡើងកាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងស្ថាប័ន រួមមាន ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សាអ្នកច្បាប់, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងមហាផ្ទៃ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងទេសចរណ៍, ក្រសួងការងារ និង បណ្តុះ​បណ្តា​ល​​វិជ្ជាជីវៈ, ក្រសួងសាធារណការ និង ដឹកជញ្ជូន, រដ្ឋបាលខេត្តព្រះសីហនុ, និង មន្រ្តីជំនាញពាក់ព័ន្ធ ។

“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” បានដាក់ចេញ​វិធានការ “ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាម​បទប្បញ្ញត្តិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ”។ តាមរយៈនេះ, ក្រុមការ​ងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី រួមទាំងការសម្របសម្រួលវិវាទដល់ វិនិយោគិន ឬ ធុរជនជាច្រើន ដែលមានគម្រោង​ពាក់ព័ន្ធនឹងអគារជាប់គាំង ។ ជាលទ្ធផល, វិវាទមួយចំនួនត្រូវបាន​ដោះស្រាយក្រៅ​ប្រព័ន្ធតុលាការ ហើយមួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការ​នីតិវិធីសម្របសម្រួល ដើម្បីឈានទៅដោះស្រាយក្នុងពេលខាងមុខ ។

ផ្អែកតាមពិសោធន៍ និង ក្របខ័ណ្ឌច្បាប់ជាធរមាន, ក្រុមការងារបានដាក់ចេញ​វិធីសាស្រ្តជំរុញ និង សម្របសម្រួលការដោះស្រាយវិវាទលើគម្រោង​ដែលពាក់​ព័ន្ធនឹងអគារជាប់គាំង ដោយធ្វើការសិក្សាស្វែងយល់អំពីអង្គហេតុ និង អង្គច្បាប់, ការរៀបចំស្ថិតិប្រភេទវិវាទជាក្រុម ពោលគឺ ក្រុមវិវាទដែលស្ថិតក្នុងប្រព័ន្ធតុលាការ និង ក្រុមវិវាទដែលនៅក្រៅប្រព័ន្ធតុលាការ, ការផ្តល់ការប្រឹក្សាយោបល់, និង ការរៀប​ចំកិច្ចប្រជុំសម្របសម្រួលវិវាទ រួមទាំងការជំរុញ ឬ ពន្លឿននីតិវិធីច្បាប់ តាមរយៈយន្ត​ការក្រុមការងារដែលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ។

ទន្ទឹមនេះ, ក្រុមការងារសូមលើកទឹកចិត្តដល់ ធុរជន និង វិនិយោគិន ដែលមាន ឬ ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ពោលគឺ ទាំងម្ចាស់ដី ម្ចាស់អគារ ឬ ភាគីផ្សេងទៀត ធ្វើការទំនាក់ទំនងមកក្រុមការងារ ដើម្បីផ្តល់កិច្ចសហការចូលរួមដោះស្រាយបញ្ហា​អគារជាប់គាំង ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner