សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រៀនជំនាញអ្វីក៏ដោយ រៀនឱ្យចេះ រៀនឱ្យប្រាកដ គឺយើងបានតម្លៃហើយ

ភ្នំពេញ៖ ឆ្លើយតបនឹងសំនួរថា តើរៀនជំនាញណាល្អជាងរៀនជំនាញណា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រៀនជំនាញអ្វីក៏ដោយ រៀនឱ្យចេះ រៀនឱ្យប្រាកដ គឺយើងបានតម្លៃហើយ កុំចង់រៀនជំនាញអ្វី ដែលល្អបំផុត តែខ្លួនរៀនអត់កើត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបបត្រជូនដល់និស្សិត នៃសាកល វិទ្យាល័យ លីមកុកវីង ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានមានប្រសាសន៍ថា មានការចោទសួរថា តើរៀនជំនាញណា ល្អជាងរៀនជំនាញណា។ សម្ដេច ថា គ្មានជំនាញណាអាក្រក់នោះទេ ហើយក៏គ្មានជំនាញណាល្អជាងជំនាញណានោះដែ រអាស្រ័យទៅលើអ្វីដែលយើងចង់បាន ទិសដៅអ្វី ។ វាអាស្រ័យធំបំផុត ទៅលើខ្លួនយើង ។

សម្ដេចធិបតី បានបញ្ជាក់ថា រៀនអ្វីក៏ដោយ រៀនឲ្យចេះប្រាកដ គឺយើងបានតម្លៃហើយ រៀនអាហ្នឹងទៅ ។ កុំចង់រៀនជំនាញអ្វី ដែលល្អបំផុត តែខ្លួនរៀនអត់កើត យើងអត់ច្បាស់ យើងអត់មានចំណូលចិត្ត ។

សម្ដេចបន្ថែមថា ចាប់អ្វីក៏ដោយឲ្យតែប្រាកដ គឺយើងអាចអភិវឌ្ឍន៍ខ្លួនឯង។ ទោះបីជាធ្វើការងារនៅក្នុងស្ថាប័ន ដែលត្រូវជំនាញរបស់ខ្លួន បង្កើតការងារខ្លួនឯង គឺប្រើប្រាស់យ៉ាងណាចេះឲ្យប្រាកដ ។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យនោះទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង។ សម្ដេច ថា អ្នកខ្លះកើតនៅគ្រួសារក្រីក្រនៅខេត្តឆ្ងាយ អ្នកខ្លះកើតមកជាកូនអ្នកធូរធានៅក្រុង ប៉ុន្ដែមានឱកាសរៀនសូត្រ គឺអាចឱ្យបិទគម្លាត ភាពជោគជ័យរបស់ឪពុកម្ដាយ មិនធានាជោគជ័យរបស់កូនទេ មិនមែនកើតមក យើងនៅក្នុងគ្រួសារក្រីក្រ បើគ្មានឱកាស អាហ្នឹងអាចលំបាក ប៉ុន្ដែបើមានឱកាសរៀនសូត្រដូចគ្នា គាត់អាចមានសមត្ថភាពមកសិក្សាបាន តស៊ូបាន រៀនសូត្រ បានអាហារូបករណ៍ ហើយកូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យទេ បើមិនខំប្រឹងរៀន ។

សម្ដេចធិបតី បានបន្ថែមថា នៅតាមបណ្ដាញសង្គម អ្នកមានប្រវត្តិលំបាក ឬកូនកំព្រា ឥឡូវមានសមត្ថភាពដឹកនាំអ្វីមួយ ខណៈអ្នកដែលធ្លាប់ជាកូនចៅអ្នកធូរធា ក៏ធ្លាក់ខ្លួនដែរ រឿងនេះ មិនថា នៅកម្ពុជា ឬប្រទេសក្រៅនោះទេ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បន្តដាក់អាទិភាពធំ ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយផ្ដោតសំខាន់ ទៅលើសុខភាព និងការអប់រំ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រឹមតែជាអ្នកដាក់ចេញ គោលនយោបាយ គោលការណ៍ និង ការផ្ដល់ការអនុគ្រោះដល់ការអប់រំ ប៉ុន្ដែអ្នកដែលចូលរួមដោយផ្ទាល់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឲ្យមានការរីកចម្រើនទៅបាន គឺជាគ្រឹះស្ថានសិក្សា ជាពិសេសគ្រឹះស្ថាន ឧត្តមសិក្សា ដោយផ្ទាល់តែម្ដង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner