សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ផ្ដើមចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា ទើបយើងទទួលបានជោគជ័យធំ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ផ្ដើមចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា ទើបយើងទទួលបានជោគជ័យធំ , សូម្បីតែរៀនរហូតដល់ថ្នាក់បណ្ឌិត ក៏ចាប់ផ្ដើមពីរៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដូចគ្នាដែរ ដូច្នេះត្រូវប្រឹងប្រែងជាប់ជាប្រចាំ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ក្នុងនេះ នារី ២៧៣នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនផ្គុំគ្នា ។ ការខិតខំប្រឹងប្រែងតស៊ូ គឺជាកត្ដា នៃភាពជោគជ័យ និងភាពអំណត់ យើងអត់អាចបាននូវអ្វី ដែលយើងចង់បានគ្រប់ពេលនោះទេ តែកុំបោះបង់ គ្មានពីណាបានជោគជ័យគ្រប់នោះទេ តែកុំបិទច្រកខ្លួនឯង ។

សម្តេចធិបតី បានបន្តថា សម្ដេចបានជួប និងបានឃើញមនុស្សច្រើន ដែលឆាប់បោះបង់ ហើយខាតទាំងការងារ ទាំងការរៀនសូត្រ , ឧទាហរណ៍ យើងរៀននៅមហាវិទ្យាល័យ បើយើងប្រឡងធ្លាក់មួយមុខវិជ្ជា គឺយើងមិនអាចបោះបង់ការសិក្សាទាំងស្រុងនោះទេ ។ សម្ដេច ថា ក្នុងមួយឆ្នាំៗ សម្ដេចផ្ដល់អាហារូបករណ៍ ដល់សិស្សរាប់ពាន់នាក់ តាមរយៈអាហារូបករណ៍សម្ដេចតេជោ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការតស៊ូអំណត់ ព្យាយាម និងដាក់ទិសដៅច្បាស់លាស់ គឺជាកិច្ចការសំខាន់ ហើយការរៀនសូត្រ មិនខុសពីការងារនោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការងារតូចត្រូវតែធ្វើ ហើយកុំឆាប់បោះបង់ ។

សម្ដេចធិបតី ក៏បានរម្លឹកដែរថា ដោយសារធនធានមនុស្ស យើងមានសមត្ថភាព នាអំឡុងពេលវិបត្តិកូវីដ-១៩ យើងមានគ្រូពេទ្យ (ទ័ពអាវស) ទើបយើងអាចជួយដោះស្រាយបញ្ហាកាលនោះបានទាន់ពេលវេលា និងអាចគ្រប់គ្រងម្ចាស់ការខ្លួនឯងបាន ពីព្រោះក្នុងកាលៈទេសៈនោះ គឺយើងមិនអាចទៅពឹងគ្រូពេទ្យ ពីប្រទេសដទៃបានទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ធនធានមនុស្សរបស់យើង គឺត្រូវធ្វើជាធនធានមនុស្សរស់រវើក កុំធ្វើជាមនុស្សទឹកកក។ មានតែធនធានមនុស្ស ដែលរស់រវើកទេ ទើបអាច ចែករំលែកឱ្យគ្នាទៅវិញទៅមក នៅកន្លែងការងារនីមួយៗ ហើយធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើនទៅបាន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner