កម្ពុជា ត្រូវមានភាពឯករាជ្យម្ចាស់ការលើខ្លួនឯង ដោយមិនចង់រស់ពឹងគេនោះទេ
ភ្នំពេញ៖ យើងត្រូវមានភាពឯករាជ្យម្ចាស់ការលើខ្លួនឯង និងរឹងមាំ ដោយមិនត្រូវពឹងគេនោះទេ ហើយធនធានមនុស្ស គឺអាចធ្វើឱ្យយើងមាននូវឯករាជ្យពេញលេញ ។
នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ នារី ២៧៣នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនចង់រស់ដោយពឹងគេនោះទេ គឺត្រូវរស់ដោយខ្លួនឯង ដើម្បីធ្វើជាប្រទេសម្ចាស់ការ និងឯករាជ្យ ដោយមិនមានការបង្គាប់បញ្ជា ពីបណ្ដាប្រទេសណាមួយ នោះទេ ។
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា កម្ពុជា ចេញពីសង្គ្រាមមិនមែនជាប្រទេសអ្នកមាននោះទេ ប៉ុន្ដែកម្ពុជា មិនត្រូវធ្វើខ្លួនរង់ចាំដង្ហើមគេដក និងពឹងគេជួយ រហូតនោះទេ ។
សម្តេច បានរំលឹកថា កាលពីមុន កម្ពុជា ងើបចេញពីសង្គ្រាម យើងត្រូវពឹងគេដើម្បីរស់ និងដើម្បីពង្រឹងខ្លួនឯង តែបើយើងចង់បានឯករាជ្យ ត្រូវតែប្រឹង និងរស់ដោយខ្លួនឯង ទើបប្រទេសយើងមានចីរភាព និងខ្លាំង ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជា កំពុងតែចេញពីប្រទេសអភិវឌ្ឍន៍តិច តែកម្ពុជា ត្រូវការរស់ដោយការប្រណីរបស់គេនោះ គឺកម្ពុជា នឹងរស់ពឹងគេអស់មួយជីវិត។ ប៉ុន្ដែបើយើងពង្រឹងខ្លួនឯង និងដាក់គោលដៅច្បាស់លាស់ កម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសអ្នកមាន នៅក្នុងឆ្នាំ២០៥០ នាពេលខាងមុខ ដើម្បីប្រគួតប្រជែងជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ