អភិបាលរាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មការផ្សារទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុត ចំពោះការយកភាស៊ី នៅតាមផ្សារ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ ពិសេស ប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឹនម៉ាត់បំផុតចំពោះការយក ភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស ។

ឯកឧត្តមឃួង ស្រេង បន្តថា អាជ្ញាធរខណ្ឌត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល ។ នៅតាមផ្សារត្រូវតែរៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសំអាតឲ្យបានស្អាត ។ បន្ថែមពីនេះនៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹកាចាប់ចម្រិត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខច្បាប់ និង មិនអាចឲ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះយើងត្រូវតែអនុវត្តការងារនេះឲ្យបានតឹងរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។

ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញបានសម្រេច ៖ នៅទីតាំងផ្ញើ កង់ ម៉ូតូដាច់ខាតត្រូវតែដាក់តារាងតម្លៃឲ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើកង់ម៉ូតូនោះ ថា គ្មានការយកកម្រៃលើសសៀវភៅបន្ទុក ក្នុងករណីមានការបង្ខំឲ្យយកលើសតម្លៃសៀវភៅបន្ទុក សូមទូរស័ព្ទមកកាន់អាជ្ញាធរខណ្ឌដែលបានដាក់លេខទូរស័ព្ទនៅទីតាំងនោះស្រាប់ ។ អ្នកវិនិយោគលើភាស៊ីទាំងអស់ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក។ ភ្នាក់ងារយកភាស៊ីទាំងអស់ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានត្រឹមត្រូវ ។

ត្រូវធ្វើបញ្ជីឈ្មោះយកលុយទាំងអស់បញ្ជូនមកឲ្យអាជ្ញាធរ ។ ក្នុងករណី យកលើសតម្លៃសៀវភៅបន្ទុក អាជ្ញាធរ និងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ីនោះបានល្មើសនិងការយកលុយលើសសៀវភៅបន្ទុក នឹងប្រឈមមុខ ការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ។ ការងារនេះត្រូវប្រគល់ទៅឱ្យ ផ្សារ ខណ្ឌ និង មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner