ម៉ាឡេស៊ី វ៉ាដាច់សិង្ហបុរី និងថៃ ជាគោលដៅគេពេញនិយមបំផុតនៅអាស៊ី
គូឡាឡាំពួរ៖ ម៉ាឡេស៊ីដែលជាប្រទេសល្បីល្បាញដោយសារវប្បធម៌ចម្រុះរបស់ខ្លួន បានយកឈ្នះប្រទេសសិង្ហបុរី និងថៃ ក្លាយជាប្រទេសពេញនិយមជាងគេនៅអាស៊ី នេះបើយោងតាមការស្ទង់មតិដោយគេហទំព័រហិរញ្ញវត្ថុអាមេរិក Insider Monkey។
តៃវ៉ាន់ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយសិង្ហបុរី ជប៉ុន និងអេមីរ៉ាត់អារ៉ាប់រួម។
ការផ្តល់ចំណាត់ថ្នាក់នេះ គឺផ្អែកលើរង្វាស់ផ្សេងៗ រួមទាំងការគោរព មិត្តភាព ភាពចម្រុះ លទ្ធិប្រជាធិបតេយ្យ និងចំនួនភ្ញៀវទេសចរបរទេស។ គេហទំព័រហិរញ្ញវត្ថុអាមេរិក Insider Monkey បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី គឺជា “គំរូដ៏អស្ចារ្យនៃការរួបរួម និងមិត្តភាព” និងថា ម៉ាឡេស៊ីជាគោលដៅពេញចិត្តបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងយល់ និងសិក្សាពីវប្បធម៌ចម្រុះនៃសហគមន៍មូលដ្ឋាន។
គេហទំព័រដដែលបន្ថែមថា បដិសណ្ឋារកិច្ច និងភាពរួសរាយរាក់ទាក់របស់ម៉ាឡេស៊ី បានបង្កើនការរុករកផ្នែកវប្បធម៌ ដែលធ្វើឱ្យប្រទេសអាស៊ីមួយនេះ ក្លាយជាទីតាំងផ្តល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។
ប្រទេសម៉ាឡេស៊ីបានកត់ត្រាការមកដល់របស់ភ្ញៀវជនបរទេសជិត ២៩លាននាក់កាលពីឆ្នាំ ២០២៣ ក្លាយជាគោលដៅពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្មីៗនេះ ប្រទេសម៉ាឡេស៊ីក៏បានបន្ធូរបន្ថយតម្រូវការទិដ្ឋាការផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសមានសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន និងឥណ្ឌា៕ ប្រភព: VNExpress ប្រែសម្រួលដោយ: ឈឹម ទីណា