ជប៉ុនបង្កើនសន្ទុះនាំចេញអាហារសមុទ្រទៅប្រទេសអាស៊ីអាគ្នេយ៍
តូក្យូ៖ ប្រទេសជប៉ុនកំពុងបង្វែរការនាំចេញអាហារសមុទ្ររបស់ខ្លួន ចូលទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀត ក្រៅពីប្រទេសចិន ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក។
ថ្មីៗនេះ ប្រទេសជប៉ុនបានដាក់គោលដៅនាំចេញអាហារសមុទ្ររបស់ខ្លួន ឱ្យកើនឡើងទ្វេដងទៅកាន់ទីផ្សារប្រទេសថៃ ដោយរំពឹងរកប្រាក់ចំណូលបានជាង ១៥លានដុល្លារក្នុងឆ្នាំ ២០២៤នេះ បើធៀបនឹងឆ្នាំមុន។ ផែនការនេះកើតឡើងស្របពេលដែលការនាំចេញអាហារសមុទ្ររបស់ជប៉ុន បានកើនឡើងដល់ទៅ ៣ដងទៅកាន់ប្រទេសវៀតណាម និង ២.៣ដងទៅកាន់ប្រទេសថៃ ហើយ ១.៧ដងទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ខែ គិតមកទល់ខែមីនា នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។
ដោយឡែកឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកាណាដា ក៏បានបង្កើនការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនផងដែរ ចាប់តាំងពីប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីជប៉ុន បន្ទាប់ពីទីក្រុងតូក្យូបានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មដែលត្រូវបានចម្រោះរួចចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ចូលទៅសមុទ្រប៉ាស៊ីហ្វិក កាលពីខែសីហា ឆ្នាំ ២០២៣។
សូមរម្លឹកថា ប្រទេសចិន គឺជាទីផ្សារនាំចូលអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុន រ៉ាប់រងដល់ទៅ ៥១.៣ភាគរយ មានតម្លៃជិត ៤៩៦លានដុល្លារ កាលពីឆ្នាំ ២០២២។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា តៃវ៉ាន់ជាប់ចំណាត់ថ្នាក់លេខ២ មាន ១២.៣ភាគរយ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ៣ មាន ៨.៦ភាគរយ និងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៤ មាន ៨.៣ភាគរយ៕ ប្រភព៖ Japantoday ប្រែសម្រួលដោយ៖ ឈឹម ទីណា