ឯកឧត្តម រដ្ឋលេខាធិការ សូ វិសុទ្ធី ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ចូលរួមវេទិកា Silicon Valley Summit នៅសហរដ្ឋអាមេរិក
ភ្នំពេញ៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមវេទិកា Silicon Valley Summit រៀបចំឡើងនៅ Silicon Valley ដែលជាតំបន់ពហុបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក ស្ថិតក្នុងទីក្រុងសាន់នីវែល រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពី ថ្ងៃទី១២ មិថុនា ២០២៤ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីស្ថាប័ន/ក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតអន្តរជាតិ ប្រមាណ ៤០០០នាក់ រួមទាំងធុរកិច្ចថ្មីឌីជីថល ប្រមាណ ៣០០មកពី ១៧ប្រទេសជុំវិញពិភពលោក ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលអាចបង្ហាញនូវស្នាដៃនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួនទៅកាន់ពិភពលោក និងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់កាន់តែស៊ីជម្រៅពីអ្នកជំនាញនិងក្រុមហ៊ុនធំៗ លើគន្លឹះ នៃការជំរុញធុរកិច្ចថ្មីឌីជីថលប្រកប ដោយប្រសិទ្ធភាព និងចីរភាព។
ជាមួយគ្នានោះ គណៈប្រតិភូក្រសួង បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ដែលជាកាតាលីករជំរុញនិងបង្កើតធុរកិច្ចថ្មីដ៏ល្បីនៅសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា សំដៅជំរុញនិងពន្លឿនកំណើនធុរកិច្ចថ្មីនៅកម្ពុជាប្រកបដោយគុណភាព ៕
ដោយ ៖ ង៉ាន់ ទិត្យ