អ៊ីស្លង់អនុញ្ញាតឲ្យនេសាទត្រីបាឡែនខ្នាតធំ Fin Whales

ប្រទេសអ៊ីស្លង់បានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុន Hvalur នេសាទត្រីបាឡែន Fin Whales ដែលជាប្រភេទត្រីបាឡែនខ្នាតធំនិងវែងបំផុត លំដាប់ទី២ បន្ទាប់ពីត្រីបាឡែនខៀវ ឬ Blue Whales ។ Fin Whales ធំបំផុតអាចមានប្រវែងដល់ ២៦ម៉ែត្រ ទម្ងន់ជាង៨ម៉ឺនគីឡូក្រាម។

រដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណ «រដូវបរបាញ់ ឆ្នាំ២០២៤» កាលពីថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្លាប់ត្រីបាឡែនប្រភេទនេះ ចំនួន១២៨ក្បាល ចាប់ពីខែមិថុនា ដល់ខែកញ្ញា ដែលជារដូវនេសាទ។ រដ្ឋាភិបាលអះអាងថា ការសម្រេចចិត្តនេះ គឺផ្អែកលើវិធីសាស្រ្តប្រុងប្រយ័ត្ន និងឆ្លុះបញ្ចាំងពីការបង្កើនការប្រើប្រាស់ធនធានត្រីបាឡែន ប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុន Hvalur ដែលត្រូវបានគេជឿថា មាននាវានេសាទបាឡែនធំៗ ចំនួនពីរគ្រឿង ធ្លាប់ត្រូវបានអនុញ្ញាតឱ្យបរបាញ់ត្រីបាឡែន ចំនួន១៦១ក្បាល កាលពីឆ្នាំមុន។

បច្ចុប្បន្ន ប្រទេសអ៊ីស្លង់, ន័រវែស និងជប៉ុន គឺជាប្រទេសតែបីប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យមានការនេសាទត្រីបាឡែន។ អ៊ីស្លង់នាំចេញសាច់ត្រីប្រភេទនេះ ភាគច្រើន ទៅកាន់ប្រទេសជប៉ុន។

យ៉ាងណាមិញ ការអនុវត្តនេះបានបង្កឱ្យមានការតវ៉ាពីក្រុមអភិរក្ស ដែលចាត់ទុកត្រីបាឡែន Fin ងាយនឹងផុតពូជខ្លាំង ដូចត្រីបាឡែនខៀវដែរ។ នៅក្នុងការស្ទង់មតិ ថ្មីៗនេះ ប្រជាជនអ៊ីស្លង់ ៥១% បាននិយាយថា ពួកគេប្រឆាំងនឹងការនេសាទត្រីបាឡែនបែបពាណិជ្ជកម្ម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner