ថៃ-ឡាវដំណើរការបណ្តាញផ្លូវដែកតភ្ជាប់គ្នា នៅខែក្រោយ

ប្រទេសថៃ និងឡាវកំពុងត្រៀមដាក់ឱ្យដំណើរការសាកល្បងនូវបណ្តាញផ្លូវដែកតភ្ជាប់រវាងទីក្រុងបាងកក និងទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី១៣-១៤ ខែកក្តដា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

ប្រភពបានឲ្យដឹងថា គម្រោងនេះត្រូវបានប្រកាសឲ្យដឹង នៅក្នុងជំនួប រវាងថ្នាក់ដឹកនាំនៃអាជ្ញាធរផ្លូវដែករដ្ឋថៃ ហៅកាត់ SRT ជាមួយតំណាងក្រុមហ៊ុនសហគ្រាសផ្លូវដែកជាតិឡាវ Daochinda SIHARATH កាលពីពេលថ្មីនេះ។

យ៉ាងណាមិញ SRT នៅតែមិនទាន់បង្ហាញលម្អិត អំពីពេលវេលាធ្វើដំណើរ, ថ្លៃរថភ្លើង ឬ ប្រភេទរថភ្លើង ដែលនឹងប្រើប្រាស់ លើផ្លូវដែកមួយនេះ នៅឡើយទេ ហើយក៏ពុំទាន់ព័ត៌មានលម្អិត អំពីប្រវែង និងការចំណាយសាងសង់សរុបដែរ បើផ្អែកតាមការចេញផ្សាយចុងក្រោយបង្អស់របស់ The Nation។

បើតាមកាសែត Nikke Asia ផ្លូវដែកថៃដែលភ្ជាប់ជាមួយឡាវនេះ ក៏ភ្ជាប់ជាមួយបណ្តាញផ្លូវដែករបស់ចិនដែរ ហើយគោលដៅសំខាន់គឺដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងបី ដោយថៃរំពឹងថា ខ្លួននឹងក្លាយជាតំបន់ភស្តុភារកម្ម ដ៏សំខាន់។

គួររម្លឹកថា មុនពេលត្រៀមសាកល្បងនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone កាលពីខែតុលា ឆ្នាំ២០២៣ បានរួមគ្នាធ្វើជាអធិបតី សម្ពោធស្ថានីយ៍រថភ្លើង Vientiane Station ឬ ស្ថានីយ៍ Khamsawat ដែលនឹងជួយអភិវឌ្ឍប្រព័ន្ធភស្តុភារ និងការតភ្ជាប់ក្នុងតំបន់។ នេះបើតាម The Nation ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner