កម្ពុជា និងគុយបា សន្យាពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការ

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកជំទាវ Milena Caridad Zaldivar ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាពង្រឹងទំនាក់ទំនងតាមរយៈសកម្មភាពជាក់ស្តែងក្រោមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ក្នុងអំឡុងពេលនៃជំនួបសម្តែងការគួរសមរបស់លោកជំទាវឯកអគ្គរដ្ឋទូតថ្មី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។ ភាគីទាំងពីរ បានឯកភាពគ្នាផងដែរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដែលមានសក្តានុពល រួមទាំង កសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានសម្តែងសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងគុយបា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានបង្ហាញការគាំទ្រយ៉ាងពេញលេញចំពោះលោកជំទាវឯកអគ្គរដ្ឋទូត Zaldivar ដើម្បីទទួលបានជោគជ័យក្នុងអាណត្តិការងារ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ក៏បានសម្តែងនូវសេចក្ដីថ្លែងអំណរគុណរបស់កម្ពុជាចំពោះជំនួយដ៏មានតម្លៃរបស់គុយបា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០។

លោកជំទាវឯកអគ្គរដ្ឋទូត Zaldivar បានរំលឹកអំពីចំណងមិត្តភាពដ៏រឹងមាំរវាងគុយបា និងកម្ពុជា និងរវាងថ្នាក់ដឹកនាំមុនៗ និងបច្ចុប្បន្ននៃប្រទេសទាំងពីរ។ លោកជំទាវ បានកោតសរសើរចំពោះសមិទ្ធផល និងកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមការដឹកនាំបច្ចុប្បន្ន ព្រមទាំងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសគុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កីឡា សុខាភិបាល និងការផ្លាស់ប្តូរការអប់រំ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើការងាររួមគ្នា ឆ្ពោះទៅរកការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា ក៏ដូចជាស្វែងរកឱកាស ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងគុយបា ដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលជាមរតករបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម Fidel Castro និងដែលបានរីកចម្រើនទៅជាទំនាក់ទំនងដែលគ្រប់ដណ្តប់លើវិស័យជាច្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីឱកាសក្នុងការជំរុញពាណិជ្ជកម្ម និងធុរកិច្ច តាមរយៈសកម្មភាពនានា ដូចជាពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗ ផងដែរ ។ ភាគីទាំងពីរ បានសម្តែងក្តីសង្ឃឹមថា កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ នាពេលខាងមុខ រវាងក្រសួងការបរទេសទាំងពីរនៅទីក្រុងឡាហាវ៉ាន នៅខែចុងនេះ នឹងជាទីកន្លែងដ៏ប្រសើរ សម្រាប់ពិភាក្សា និងដាក់ចេញនូវសកម្មភាពនានា ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកវិស័យផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

លើសពីនេះ ភាគីទាំងពីរ បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងទៀត ដែលប្រទេសទាំងពីរធ្លាប់មានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក ហើយនៅតែបេ្ដជ្ញាចិត្តបន្ដការគាំទ្រជាប្រពៃណីនេះតទៅទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner