សារធាតុពណ៌បៃតងអណ្ដែតលើផ្ទៃទឹកស្ទឹងសង្កែ ,រដ្ឋបាលខេត្តបាត់ដំបងកំពុងអង្កេតរកមូលហេតុ
បាត់ដំបង៖ប៉ុន្មានថ្ងៃកន្លងទៅនេះ លើផ្ទៃទឹកស្ទឹងសង្កែមានសារធាតុពណ៌បៃតងអណ្ដែតត្រាខុសប្លែកពីធម្មតា ។បន្ទាប់ពីទទួលបាន ព័ត៌មាននេះឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបងបាន ចាត់តាំងក្រុមការងាររដ្ឋបាលខេត្តដឹកនាំដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តសហការជាមួយមន្រ្តីនៃមន្ទីរជំនាញ,អាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវករណីនេះ ។
ប្រភពមន្រ្តីក្រុមការងារឱ្យដឹងថា ការចុះស្រាវជ្រាវត្រូវ បានធ្វើជាបន្តបន្ទាប់ក្រោយពីប្រជានេសាទប្រទះឃើញសារធាតុពណ៌បៃតងស្រដៀងទៅនឹងស្លែអណ្ដែតនៅលើផ្ទៃ ទឹកស្ទឹងសង្កែនៅផ្នែកខាងក្រោមទំនប់ពហុបំណងសេកសក ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌលរបស់ខេត្តបាត់ ដំបង។ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរ មូលដ្ឋានបានចុះដល់ទីតាំងផ្ទាល់និងសាកសួរប្រជាពលរដ្ឋនេសាទនៅទីនោះក៏ដូចជាចុះត្រួតពិនិត្យខ្សែទឹកទាំងផ្នែក ខាងលើនិងខាងក្រោម។ជាលទ្ធផលពុំទាន់ឃើញមានត្រីឬសត្វមានជីវិតពុលស្លាប់ដោយសារធាតុពណ៌បៃតងស្រដៀងស្លែ នៅឡើយនោះទេ។
ក្នុងករណីខាងលើក្រុមការងារបានដងយកសំណាកទឹកនោះ ផ្ញើទៅពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីស្វែងរក សារធាតុពិតប្រាកដថា តើវាប៉ះពាល់សុខភាព ឬ អត់?។
ដោយឡែកនៅថ្ងៃទី១៣ ខែមិថុនានេះដែរលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបានដឹកនាំក្រុមការងារបន្តចុះធ្វើការត្រួតពិនិត្យនៅទីតាំងរោងចក្រ Phoenix Industrial CO.,LTD ដែលជារោងចក្រធ្លាប់បានបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែនាពេលកន្លងមក។ជាលទ្ធផលក្រុមការងារនៅពុំទាន់រកឃើញពីការបង្ហូរទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែនោះទេ? ក៏ប៉ុន្តែជាវិធានការចំពោះមុខ និងដើម្បីបង្ការទុកជាមុន ក្រុមការងារបានធ្វើណែនាំដល់ម្ចាស់ ក្រុមហ៊ុននិងរោងចក្រត្រូវរៀបចំអាងឬទីតាំងសមស្របសម្រាប់ ស្តុកកាកសំណល់រាវឬភក់ដែលចេញពីអាងចម្រោះរបស់ រោងចក្រឱ្យបានត្រឹមត្រូវចៀសវាងធ្វើការបង្ហូរចូលផ្ទាល់ទៅក្នុងស្ទឹងសង្កែដូចលើកមុន។
លោកអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យនៃរដ្ឋបាល ខេត្ត បានប្រាប់ទូរទស្សន៍អប្សរាថា ទាក់ទិននឹងករណីខាងលើ នេះក្រុមការងារនៅតែបន្តត្រួតពិនិត្យអង្កេតតាមដានលើ សកម្មភាព និងបាតុភាពមិនប្រក្រតីណាមួយដែលអាចបន្ត កើតឡើងនិងបានដាក់កម្លាំងដើម្បីតាមដានជាប់ជាប្រចាំទី តាំង នោះ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.