អភិបាលខេត្ត៖ អាជ្ញាធរមូលដ្ឋានជាអ្នកធានានូវភាពសុខសាន្តអចិន្ត្រៃយ៍របស់ពលរដ្ឋ

កំពត៖ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាពិតជាសំណាង ដែលមានមេដឹកនាំល្អ ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប៉ុន្តែអ្នកដែលអាចធានាបាននូវភាពសុខសាន្តអចិន្ត្រៃយ៍របស់ប្រជាពលរដ្ឋ គឺអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកឈូក និងស្រុកជុំគិរី អាណត្តិទី៤ ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៤៥ឆ្នាំកន្លងមកនេះ កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋទទួលបានសិទ្ធសេរីភាពពេញ លេញ។ ប្រមុខរាជរដ្ឋាភិបាលតែងបានគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់ពលរដ្ឋ ។ បច្ចុប្បន្នក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចរិតតែខិតខំយកកម្លាំងកាយចិត្ត ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ពិសេសតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

យ៉ាងណាក៏ដោយ  ឯកឧត្តមម៉ៅ ធនិន យល់ឃើញថា ការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការធានាបាននូវភាពសុខសាន្ត និងភាពកក់ក្តៅអចិន្ត្រៃយ៍របស់ពលរដ្ឋ  គឺទាមទាឲ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានដែលជាអ្នកនៅកៀកកិតជាមួយពលរដ្ឋ។ ឯកឧត្តមស្នើដល់មន្ត្រីអាជ្ញាធរសូមចុះទៅឱ្យដល់ផ្ទះដោយផ្ទាល់ ដើម្បីបានយល់បានដឹងអំពីការខ្វះខាត បញ្ហាប្រឈម កង្វះខាត និងសំណូមពរប្រជាពលរដ្ឋ ដើម្បលើកយកមកពិភាក្សាគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ហើយជាពិសេស ក្រុមប្រឹក្សាដែលទើបតែនឹងតែងតាំងតួនាទីថ្មី ត្រូវរួមសហការគ្នាជាធ្លុងមួយ ដើម្បីចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងន័យតបស្នងសងគុណទឹកដីកំណើតរបស់ខ្លួនផង និងតបស្នងសងគុណដល់ស្ថាបនិកសន្តិភាពផង៕
ដោយៈសិលា សារិន

ads banner