Apple ដណ្តើមតំណែងពី Microsoft វិញៗ ក្លាយជាក្រុមហ៊ុនមានបំផុតលើលោក

ក្រុមហ៊ុនបច្ចេកវិទ្យា Apple កាលពីថ្ងៃពុធ បានចំណាយពេលយ៉ាងខ្លី ដណ្តើមបានតំណែងជាក្រុមហ៊ុនមានតម្លៃបំផុត នៅក្នុងពិភពលោក ដែលវាស់វែងដោយតម្លៃភាគហ៊ុន នៅផ្សាហ៊ុនអាមេរិក Wall Street ។ ការយកបានតំណែងកំពូលដូច្នេះឡើងវិញ បានកើតមានឡើង ក្រោយពេល ត្រឹមតែ២ ឬ បី ម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Microsoft បានគ្រងតំណែងមួយនេះ។

ការឈរលើចំណុចកំពូល ជាមួយនឹងតម្លៃក្រុមហ៊ុន ហក់ដល់ ៣.២៦លានលានដុល្លារ បានកើតមានឡើង បន្ទាប់ពី Apple ទើបបានប្រកាសមុខងារ AI យុទ្ធសាស្ត្រ នៅក្នុងសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រចាំឆ្នាំ របស់ខ្លួន កាលពីថ្ងៃចន្ទ។ Apple បានបង្ហាញនូវវេទិកា AI ថ្មីមួយ Apple Intelligence ដែលនឹងត្រូវបានបន្ថែម ជាបណ្តើរៗ ទៅក្នុងការអភិវឌ្ឍថ្មី នៃប្រព័ន្ធប្រតិបត្តិការ iOS 18 ។

អ្នកវិភាគជឿជាក់ថា ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ iPhone នឹងជំរុញឱ្យអ្នកប្រើប្រាស់របស់ Apple ឈានដល់ ១.៥ ពាន់លាននាក់ ដែលនឹងទាញយកអត្ថប្រយោជន៍ ពីមុខងារ AI ឬ បញ្ញាសិប្បនិម្មិត។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍មួយ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានពន្យល់ថា ក្រុមហ៊ុនបានទទួលយក យ៉ាងប្រុងប្រយ័ត្ន នូវ AI ជំនាន់ថ្មី ដោយលោកអះអាងថា យើងបានអនុវត្ត តាមរបៀប ដែលមិនឲ្យមានការរំលោភលើ «ភាពឯកជនទិន្នន័យ» របស់អ្នកប្រើប្រាស់៕

ប្រភព AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner