អឺរ៉ុបស្លាប់ជិត ៣លាននាក់ ព្រោះស្រា និងឧស្សាហកម្មធំៗបីទៀត

នៅតំបន់អឺរ៉ុប ក្នុងមួយឆ្នាំ មានមនុស្ស២លាន៧សែននាក់បានស្លាប់ ដោយសារតែ ស្រា, ថ្នាំជក់, អាហារកែច្នៃជ្រុល និង ឥន្ធនៈហ្វូស៊ីល។ នេះបើតាមអះអាងរបស់អង្គការសុខភាពពិភពលោក ហៅកាត់ WHO កាលពីថ្ងៃពុធ។

WHO បានស្តីបន្ទោសឧស្សាហកម្មធំៗទាំងនោះថា បានរារាំងគោលនយោបាយសាធារណៈ ខណៈដែលវិធានការទាំងនេះ អាចប៉ះពាល់ដល់ប្រាក់ចំណេញ របស់ពួកគេ។

លោក Hans Kluge នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អឺរ៉ុប និងបណ្តាប្រទេស នៅតំបន់អាស៊ីកណ្តាលផ្សេងទៀត សរុប៥៣ប្រទេស បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ឧស្សាហកម្មទាំងបួនបានសម្លាប់មនុស្ស យ៉ាងតិចណាស់ ចំនួន៧០០០នាក់ ជារៀងរាល់ថ្ងៃ ក្នុងតំបន់ដែលលោកទទួលបន្ទុក។

សេចក្តីថ្លែងការណ៍របស់ WHO បានចេញផ្សាយថា យុទ្ធសាស្ត្រលក់របស់ឧស្សាហកម្មទាំងនេះ មានលក្ខណៈកេងប្រវ័ញ្ចជនងាយរងគ្រោះ តាមរយៈយុទ្ធសាស្រ្តទីផ្សារ, ការបំភាន់អ្នកប្រើប្រាស់ និងការអះអាងមិនពិត អំពីអត្ថប្រយោជន៍នៃផលិតផល ឬ សម្អាងលើលិខិតសម្គាល់បរិស្ថាន ជាដើម។

WHO បានបន្ថែមថា យុទ្ធសាស្ត្រទាំងនេះគំរាមកំហែងដល់សុខភាពសាធារណៈ ប្រចាំសតវត្ស ហើយរារាំងប្រទេសទាំងនោះ ឈានដល់គោលដៅសម្រេចវឌ្ឍនភាពសុខភាព របស់ប្រជាពលរដ្ឋ ដែលនាំឲ្យប្រឈមនឹងជំងឺសរសៃឈាមបេះដូង, មហារីក និងជំងឺទឹកនោមផ្អែម។ ស្ទើរតែ ៦០ភាគរយនៃមនុស្សពេញវ័យ និងមួយភាគបី នៃកុមារ នៅអឺរ៉ុប គឺមានបញ្ហាលើសទម្ងន់ ឬធាត់ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner