ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញការពិនិត្យពីលក្ខណៈមេពូជ សក្តានុពល និងត្រី ដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ភ្ញាស់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅបានជំរុញដល់មន្រ្តីការពិនិត្យពីលក្ខណៈមេពូជសក្តានុពល និងត្រីដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស។

ក្នុងពិធីចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី១៤ ខែមិថុនានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការគិតគូលក្ខណៈសេដ្ឋកិច្ច ធ្វើឱ្យមានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ។

វិទ្យាស្ថាននេះទទួលបានជោគជ័យរួចមកហើយកាលពីថ្មីៗមកនេះនៃការបង្កាត់ពូជត្រីគល់រាំង។ប្រភេទត្រីគល់រាំងដែលជានិមិត្តរូបមច្ឆាជាតិកម្ពុជា និងត្រូវបានគេកំពុងបង្កើនកិច្ចគាំពារ ដោយសារវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ នោះត្រូវបានអ្នកជំនាញធ្វើការបង្កាត់ភ្ញាស់ជោគជ័យលើកដំបូងហើយកាលពីវេលាម៉ោង៣ព្រឹកថ្ងៃទី២៧ ខែឧសភាកន្លងមក។

ក្រសួងកសិកម្មរុក្វាប្រមាញ់ និងនេសាទបានឱ្យដឹងពីភាពជោគជ័យកន្លងមកដែរថា ៖ នេះជាលទ្ធផលជោគជ័យលើកដំបូងនៅកម្ពុជា ។ ពួកគេបានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំមកនេះ។

បើតាមប្រភពពីវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថាកូនត្រីគល់រាំងដែលភ្ញាស់បានទទួលជោគជ័យទាំងនេះគេកំពុងដាក់ក្នុងកែវដើម្បីចិញ្ចឹមឱ្យធំធាត់មុនពេលត្រូវយកទៅធ្វើការបន្តពូជនៅថ្ងៃខាងមុខ។ការបង្កាត់ជោគជ័យនេះដែរក៏ជាផ្នែកមួយសម្រាប់ជំរុញ និងបង្កើតចំនួនកូនត្រីគល់រាំងក្នុងធម្មជាតិឱ្យកាន់តែច្រើនឡើងនៅកម្ពុជា ។

ត្រីគល់រាំង មានឈ្មោះផ្សេង ទៀតជាត្រីកាហោ ឬត្រីក្បាលឡាន ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរ ជាតិដើម្បីការអភិរក្សធម្មជាតិហៅកាត់ IUCN ។

ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង បីប្រភេទ ។គឺទី១ ត្រីបបែលយក្ស ,ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។ ត្រីគល់រាំង មានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយ សារតែនៅតាមប្រាង្គប្រាសាទ បុរាណ នៅខេត្តសៀមរាបយើងនេះ មានរូបចម្លាក់ជា ច្រើនទាក់ទងនឹងជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនដោយភ្ជាប់ នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ដោយនៅតាមជញ្ជាំងប្រាសាទផ្លែកខ្លះៗ យើងអាចមើលឃើញនូវចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងពីការផ្សារភ្ជាប់ត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីយូរលង់ណាស់មកហើយ ។

ត្រីគល់ រាំង គឺជាប្រភេទត្រីមានស្រកាតែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលអាចលូត លាស់រហូតដល់ទម្ងន់ប្រមាណ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ហើយត្រូវបានប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។

លក្ខណៈពិសេសរបស់ត្រីគល់រាំងគឺ អាចរស់នៅបានរហូតដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី៦០ម៉ឺន ទៅ៨០ម៉ឺនកូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់ រាំងនៅតែខ្លាំងដដែល ដោយ សារការនេសាទខុសច្បាប់ ការជាប់មងដោយចៃដន្យ និងការ បំផ្លាញជម្រក ក៏ដូចជាជីវ ចម្រុះរបស់វា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner