ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពផ្ទុះការតវ៉ានៅមុខទីស្នាក់ការសង់ត្រាល់

ភ្នំពេញ៖ ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា ប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខទីស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ( សង់ត្រាល់ ) ស្ថិតនៅផ្ទះលេខ៣៥៩ ផ្លូវ ៦៩ បេតេ ក្រុម៣ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ៏យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងការតវ៉ានេះ ក្រុមអ្នកតវ៉ាបានគ្នាស្រែករិះគន់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព និងធ្វើនយោបាយបំផ្លាញសន្តិភាព។ នៅលើបដារក្រុមអ្នកតវ៉ាបានសរសេរថា៖
.សង់ត្រាល់ បានចូលជ្រៀតជ្រែកកិច្ចការបរទេស
.សកម្មភាពរបស់សង់ត្រាល់ ជាសកម្មភាពធ្វើនយោបាយ បំផ្លាញសន្តិភាព
.សង់ត្រាល់កំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព
.សង់ត្រាល់ជាក្រុមនយោបាយមានដៃគូរសហការជាមួយវិទ្យុអាស៊ីសេរី VOD VOA ក្នុងការបំផ្លាញសន្តិភាពនៅកម្ពុជា
.សង់ត្រាល់ជាអាយ៉ងបរទេសប្រឆាំងកិច្ចខិតខំប្រឹង​ប្រែងរបស់អង្គការសហជីព។

នៅក្នុងសេចក្តីថ្លឺងការណ៍បានឱ្យដឹងថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម ដែលតំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកជាង ៤០,០០០នាក់ ធ្វើការងារ និងប្រកបរបរក្រៅប្រព័ន្ធនៅប្រទេសកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពី សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ នៅកន្លែងធ្វើការ នៅពេលដែល យើងខ្ញុំទាំងអស់គ្នាបានឃើញនូវសកម្មភាពរបស់អង្គការសង់ត្រាល់។ សកម្មភាពរបស់ អង្គការសង់ត្រាល់ នេះមិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់ អារម្មណ៍អ្នកវិនិយោគទុនដែលមានស្រាប់ និងអ្នកវិនិយោគដែលកំពុងនឹងត្រៀមមកវិនិយោគ នៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិ ពលដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ របស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា។

សហជីពសូមបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្តីពី សេរីភាព សហជីព ក្នុង ប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។ ហើយវិស័យការងារ នៅកម្ពុជាកាន់តែប្រសើរឡើងហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតយើង ក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរនិងសមរម្យ ទាំងប្រាក់ឈ្នួលនិងលក្ខខណ្ឌផ្សេងៗ ផ្ទុយទៅវិញ អង្គការ សង់ត្រាល់ មុននឹងចេញរបាយការណ៍ មិនត្រូវកំណត់យកតែមតិភាគតិចហើយសន្និដ្ឋានជារួមឡើយ ។ របាយការណ៍ របស់សង់ត្រាល់ គ្មានមូលដ្ឋាន ដែលមិនអាចទទួលយកបាន ហើយវាយតម្លៃស្ថានភាពសហជីពនៅកម្ពុជា ទាំងមូល សូមបញ្ជាក់ថា យោងរបាយការណ៍របស់ក្រសួង បច្ចុប្បន្នចំនួនបញ្ចិកាសហជីពមូលដ្ឋាននៅកម្ពុជា មានការកើនឡើង ពីជាង៣ពាន់នៅឆ្នាំ២០១៦ ដល់ជាង៦ពាន់នៅឆ្នាំ២០២៤ ចំពោះការកើនឡើងសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈ ពេលដ៏ខ្លីនេះត្រូវបានគេមើលឃើញថា កម្ពុជាមានសេរីភាពសហជីពពេញលេញ គ្មានការរើសអើង ផ្ទុយស្រឡះពី របាយការណ៍របស់សង់ត្រាល់។

សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើកន្លងមក គឺមានភាពលម្អៀង រើសអើងមិនយុត្តិធម៌ មិនស្មើ ភាពតែងតែរំលោភបំពានជ្រៀតជ្រែកលើកិច្ចការ ជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព) ហើយអង្គការ សង់ត្រាល់ មិនដែលលើកឡើងនូវភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ ធ្វើឱ្យអន្តរជាតិមានការយល់ច្រលំ មកលើប្រទេសកម្ពុជា។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម សមាជិក សមាជិកា តាមបណ្តា រោងចក្រ សហគ្រាស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអង្គការ សង់ត្រាល់ ។ ម្យ៉ាងវិញទៀត អង្គការ សង់ត្រាល់ ជាអង្គការសង្គមស៊ីវិល ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ មិន មែនជាអង្គការវិជ្ជាជីវៈ ដែលចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទេ។ ផ្ទុយទៅវិញ អង្គការសង្គមស៊ី វិល (សង់ក្រាល់) កន្លងមក បានធ្វើកម្មភាពជាច្រើនរំលោភសិទ្ធិកិច្ចការងាររបស់អង្គការវិជ្ជាជីវៈដែលហៅថា(សហជីព របស់កម្មករនិយោជិត)ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងខ្ញុំទាំងអស់គ្នា សំណូម ពរ អង្គការ សង់ត្រាល់ បញ្ឈប់ធ្វើសកម្មភាពដែលប៉ះពាល់ជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព)។ យើងខ្ញុំទាំងអស់គ្នាមានការសោកស្តាយយ៉ាងខ្លាំងដែលអង្គការ សង់ត្រាល់ ដែលបានធ្វើសកម្មភាពទាំងអស់នេះ ព្រោះកន្លង់មកយើង ខ្ញុំទាំងអស់គ្នា បានមើលឃើញយ៉ាងច្បាស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា សម្តេច បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ក្នុងពិភពលោក ដើម្បីបង្ហាញអំពីសក្តានុពលរបស់ កម្ពុជា ដើម្បីឱ្យអ្នកវិនិយោគទុន ចាប់អារម្មណ៍មកវិនិយោគ នៅកម្ពុជា។ ទន្ទឹមនៅផងដែរ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង កសាង ទំនាក់ទំនងវិជ្ជាជីវៈជាមួយវិនិយោគទុនទាំងអស់ដែលមកវិនិយោគទុននៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ ជូនប្រជា ពលរដ្ឋខ្មែរឱ្យបានច្រើន និងគ្រប់ទីកន្លែង មិនតែប៉ុណ្ណោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតនូវ សាលាបណ្តុះបណ្តាលជំនាញ ដល់សិស្ស និស្សិត កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ ដើម្បីទទួលបាននូវជំនាញ មួយច្បាស់លាស់ អាចទទួលបានការងារល្អៗ មានប្រាក់ខែល្អប្រសើរជាមុនបន្ថែមទៀត។

ថ្នាក់ដឹកនាំ សហព័ន្ធសហជីព និងសមាគម មានសង្ឃឹមយ៉ាងមុតមាំថាសេចក្តីថ្លែងការណ៍នេះ អង្គការសង់ត្រាល់ នឹងបានឃើញ ហើយពិចារណាឡើងវិញ និងយល់អំពីក្តីព្រួយបារម្ភរបស់ កម្មករ និយោជិត ហើយបញ្ឈប់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាព ការងារកម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ។

ថ្នាក់ដឹកនាំ សហ័ន្ធសហជីព សមាគម និងធ្វើការប្រមូលផ្តុំគ្នាតាមដែល អាចធ្វើបាន នៅ មុខការិយាល័យ អង្គការសង់ត្រាល់ ប្រសិនបើអង្គការសង់ត្រាល់ នៅតែបន្តសកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋ កិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារកម្មករនិយោជិត ហើយយើងខ្ញុំទាំងអស់គ្នាប្រើប្រាស់សិទ្ធិជាកម្មករ និយោជិតក្នុង និងក្រៅប្រព័ន្ធ ប្តឹងអង្គការសង់ត្រាល់ ទៅកាន់ស្ថាប័នមានសមត្ថកិច្ច និងម្ចាស់ជំនួយរបស់ អង្គការសង់ត្រាល់ នៅបរទេសផងដែរ ។ ម្យ៉ាងវិញទៀតយើងខ្ញុំទាំងអស់គ្នា នឹងស្នើទៅ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការស្រាវជ្រាវ បើក ការស៊ើបអង្កេត ចំពោះជំនួយដែល អង្គការសង់ត្រាល់ ទទួលមកធ្វើសកម្មភាពរំលោភបំពានមកលើសិទ្ធិអង្គការវិជ្ជាជីវៈ ដោយអនុវត្តន៍មិនស្មើភាព រើសអើង។ល។
ដោយ៖ពលជ័យ

ads banner