មេដឹកនាំសហព័ន្ធសហជីព ព្រមាននឹងធ្វើការតវ៉ាទ្រង់ទ្រាយធំបើសង់ត្រាល់ នៅតែបន្តសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់កម្មករ និយោជិត

ភ្នំពេញ៖ មេដឹកនាំសហព័ន្ធសហជីព សមាគមរបស់សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានព្រមានថា បើសិនជាមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅតែបន្តសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សហជីព ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ នឹងមានកម្មករ និយោជិត ក៏ដូចជាក្នុងប្រព័ន្ធក្រៅប្រព័ន្ធរាប់ពាន់នាក់អាចនឹងធ្វើសកម្មភាពតវ៉ាណាមួយ ដើម្បីឱ្យសង់ត្រាល់បញ្ឈប់រាល់សកម្មភាព ហើយអាចនឹងរៀបចំពាក្យបណ្តឹងទៅក្រសួងពាក់ព័ន្ធដើម្បីស្នើសុំឲ្យពិនិត្យមើល និងស៊ើបអង្កេតទៅលើការងាររបស់សង់ត្រាល់។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ការតវ៉ានេះ ដោយសារតែអង្គការសង់ត្រាល់បានលូកដៃជ្រៅទៅទៅក្នុងសហជីពធ្វើឱ្យបាត់បង់អត្ថប្រយោជន៍រួមរបស់កម្មករ និយោជិតទូទាំងប្រទេស។ ហើយជាកង្វល់របស់សហជីព ក៏ដូចជាកម្មករ និយោជិត គឺមិនចង់ឱ្យសង់ត្រាល់លូកដៃចូលផ្ទៃក្នុងការងាររបស់សហជីព កម្មករ និយោជិតទេ ព្រោះសង់ត្រាល់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានបញ្ជាក់ថា សម្រាប់ការមើលឃើញរបស់ខ្ញុំ ឃើញគណនីហ្វេសប៊ុករបស់សង់ត្រាល់ គឺការលូកដៃចូលជ្រៅរបស់គាត់ (សង់ត្រាល់) ទាក់ទងសកម្មភាពបានចាប់ដៃក៏ដូចជាសរសេរព័ត៌មានរិះគន់រាជរដ្ឋាភិបាលវ៉ៃប្រហារមកលើរាជរដ្ឋាភិបាល ដូចគ្នាទៅនឹងវិទ្យុបរទេសផ្សាយខេមរភាសាមួយចំនួន ធ្វើឱ្យក្រុមសហជីពក៏ដូចជាកម្មករ និយោជិតរាប់ម៉ឺននាក់ដែលមានិន្នការកណ្តាល មិនគាំទ្រសកម្មភាពមួយចំនួនរបស់សង់ត្រាល់។ ហើយការចូលរួមតវ៉ាជាង១០០នាក់ នៅមុខស្នាក់ការសង់ត្រាល់ គ្រាន់តែជាលើកទី១ ទេ ហើយបើសិនជាសង់ត្រាល់នៅតែបន្តសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សហជីព ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ នឹងមានកម្មករ និយោជិត ក៏ដូចជាក្នុងប្រព័ន្ធក្រៅប្រព័ន្ធរាប់ពាន់នាក់អាចនឹងធ្វើសកម្មភាពណាមួយដើម្បីឱ្យសង់ត្រាល់បញ្ឈប់រាល់សកម្មភាព។

លោក ហង្ស រ៉ាវី បានសង្កត់ធ្ងន់ថា បើសិនជាសង់ត្រាល់នៅតែបន្តសកម្មភាពណាមួយខាងសមាគមក៏ដូចជាសហព័ន្ធសហជីពអាចនឹងរៀបចំពាក្យបណ្តឹងណាមួយទៅក្រសួងពាក់ព័ន្ធដើម្បីស្នើសុំឱ្យពិនិត្យមើល និងស៊ើបអង្កេតទៅលើការងាររបស់សង់ត្រាល់។

គួររម្លឹកឱ្យដឹងថា ក្រុមសមាជិកអង្គការសង្គមស៊ីវិល សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខទីស្នាក់ការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ( សង់ត្រាល់ ) ស្ថិតនៅផ្ទះលេខ ៣៥៩ ផ្លូវ ៦៩ បេតេ ក្រុម៣ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្រុមអ្នកតវ៉ាបានគ្នាស្រែករិះគន់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលកំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព និងធ្វើនយោបាយបំផ្លាញសន្តិភាព។ នៅលើបដារក្រុមអ្នកតវ៉ាបានសរសេរថា ៖ សង់ត្រាល់ បានចូលជ្រៀតជ្រែកកិច្ចការបរទេស សកម្ម ភាពរបស់សង់ត្រាល់ ជាសកម្មភាពធ្វើនយោបាយ បំផ្លាញសន្តិភាព សង់ត្រាល់កំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហជីព សង់ត្រាល់ជាក្រុមនយោបាយមានដៃគូរសហការជាមួយវិទ្យុអាស៊ីសេរី VOD VOA ក្នុងការបំផ្លាញសន្តិភាពនៅកម្ពុជា៕
ដោយ៖ពលជ័យ

ads banner