ចិនជោគជ័យធ្វើតេស្តយន្តហោះដ្រូនពាណិជ្ជកម្មដំបូង

ប៉េកាំង៖ សាជីវកម្មឧស្សាហកម្មអាកាសចរណ៍នៃប្រទេសចិន (AVIC) បានប្រកាសថា យន្តហោះដឹកជញ្ជូនគ្មានមនុស្សបើកពាណិជ្ជកម្មតាមអាកាស មានឈ្មោះថា HH-100 ដែលផលិតក្នុងស្រុក កាលពីថ្ងៃពុធសប្តាហ៍នេះ បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងដោយជោគជ័យ។

AVIC ដែលជាក្រុមហ៊ុនផលិតយន្តហោះឈានមុខគេរបស់ប្រទេសចិន បាននិយាយថា យន្តហោះដ្រូន HH-100 បានហោះហើរលើកដំបូងរបស់ខ្លួន នៅឯអាកាសយានដ្ឋានអាកាសចរណ៍មួយក្នុងទីក្រុងស៊ីអាន ភាគពាយ័ព្យនៃខេត្តសានស៊ី របស់ប្រទេសចិន។

យន្តហោះ HH-100 បង្កើតឡើងដោយក្រុមហ៊ុន AVIC XAC Commercial Aircraft Co., Ltd. នៅក្នុងទីក្រុងស៊ីអាន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ AVIC នៅក្នុងខេត្តសានស៊ី។ សាជីវកម្ម AVIC បានបញ្ជាក់ថា ក្នុងអំឡុងពេលហោះហើរ យន្តហោះនេះបានដំណើរការប្រកបដោយស្ថេរភាព និងបានបំពេញគ្រប់លក្ខខណ្ឌសាកល្បងទាំងអស់ ដោយប្រព័ន្ធពាក់ព័ន្ធរបស់វាដំណើរការបានយ៉ាងល្អ។

យន្តហោះ HH-100 នេះ គឺជាយន្តហោះដ្រូនដែលមានតម្លៃធូរថ្លៃ (តម្លៃពិតមិនបានបញ្ជាក់) តែមានអត្ថប្រយោជន៍ច្រើន។ យោងតាមអ្នកអភិវឌ្ឍន៍បាននិយាយថា វាមានទម្ងន់អតិបរមា ២,០០០គីឡូក្រាម សមត្ថភាពផ្ទុកទំនិញបាន ៧០០គីឡូក្រាម។ ល្បឿនអតិបរិមារបស់វា គឺ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាជាយន្តហោះមួយប្រភេទ ដែលផ្តោតលើសេវាកម្មដឹកទំនិញ តាម អាកាស។

បន្ថែមពីលើតួនាទីដែលវានឹងបម្រើក្នុងផ្នែកដឹកជញ្ជូនផ្លូវអាកាសក្នុងតំបន់ យន្តហោះដ្រូននេះក៏នឹងចូលរួមក្នុងការងារពន្លត់ភ្លើងឆេះព្រៃឈើ, ការផ្តល់សម្ភារៈសង្គ្រោះ និង ការដឹកជញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់។

AVIC ក៏បានអះអាងដែរថា យន្តហោះ HH-100 ដែលផ្តោតលើសេដ្ឋកិច្ចរយៈកម្ពស់ទាបដែលកំពុងរីកចម្រើន និងប្រព័ន្ធដឹកជញ្ជូនគ្មានមនុស្សបើកសម្រាប់ពាណិជ្ជកម្ម និងអាចជឿទុកចិត្តបានជាបន្តបន្ទាប់ កំពុងគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

China’s HH-100 commercial unmanned transport system demonstrator completes maiden flight

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner