អភិបាលខេត្តកំពត៖ ត្រូវធ្វើជាមន្ត្រីបម្រើពលរដ្ឋ ហើយឱ្យពលរដ្ឋស្គាល់ កុំធ្វើជាមន្ត្រីមានតួនាទីហើយពលរដ្ឋជួបមុខមិនស្គាល់

កំពតៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានដាក់ចេញនូវគោលការណ៍ និងគោលនយោបាយជាច្រើនដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋនៅតាមមូលដ្ឋានទទួលបានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ ព្រមទាំងទទួលបានការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ។

ថ្លែងក្នុងពិធីតែងតាំងចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបូកគោនិងក្រុមប្រឹក្សា ស្រុកដងទង់ជាមួយឯក ឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ដូច្នេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងអស់ ពិសេសក្រុមប្រឹក្សាក្រុង-ស្រុក ទាំងពីរដែលទើបនឹងទទួលបានការប្រកាសតែងតាំងចូលកាន់មុខតំណែងនាពេលនេះ ត្រូវធ្វើជាមន្ត្រីដែលមានតួនាទីបម្រើពលរដ្ឋ ឱ្យពលរដ្ឋបានស្គាល់មុខ ស្គាល់ចិត្ត និងស្រឡាញ់ពេញចិត្ត មិនត្រូវធ្វើជាមន្ត្រីដែលទទួលបានតួនាទីហើយពលរដ្ឋមិនស្គាល់មុខ ធ្វើឱ្យពលរដ្ឋទទួលរងនូវទុក្ខលំបាក បង្ហូទឹកភ្នែក និងការឈឺចាប់ជាដើម។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានរំលឹកដែរថា ប្រជាពលរដ្ឋកម្ពុជាកន្លងមក បានទទួលរួចមកហើយនូវការឈឺចាប់ដែលមិនអាចបំភ្លេចបាន គឺក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះប្រទេសយើង ប្រជាជនយើងបានបាត់បង់នូវអ្វីៗគ្រប់យ៉ាង ព្រាត់ប្រាស់គ្រួសារ ហូបចុកមិនបានគ្រប់គ្រាន់ មានតែការឈឺចាប់។ តែក្រោយពីប្រទេសយើងទទួលបាននូវសុខសន្តិភាពពេញលេញ ដែលយកមកដោយលំបាក ដោយជីវិត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឱ្យពលរដ្ឋយើងពោពេញទៅដោយភាពសុខសាន្ត ភាពសប្បាយរីករាយ មានសិទ្ធសេរីភាពគ្រប់គ្រាន់ ជីវភាពធូធារ ។ដូច្នេះ ក្នុងនាមយើងជាមន្ត្រីដែលមានតួនាទីទាំងអស់ ត្រូវរួមគ្នា សហការគ្នាក្នុងការបម្រើពលរដ្ឋឱ្យបានល្អប្រសើ ត្រូវចាត់ទុកបងប្អូនប្រជាពលរដ្ឋ អ្នករួមការងារទាំងអស់គឺជាក្រុមគ្រួសារ សាច់ញាតិ ព្រោះយើងទាំងអស់គ្នាបានរស់ឡើងវិញនៅថ្ងៃកំណើតទី២ គឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ដូចគ្នា ដូច្នេះយើងមានឈាមជ័រជាខ្មែរដូចគ្នា៕
ដោយៈសិលា សារិន

ads banner