អភិបាលខេត្តៈ វិមជ្ឈការនិងវិសហមជ្ឈការជាទិសដៅក្នុងការអភិវឌ្ឍប្រទេស
បន្ទាយមានជ័យៈឯកឧត្តម ប្លែក វ៉ារីនប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកថ្មពួកនិងស្រុកស្វាយចេក កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងថា គោលនយោបាយ វិមជ្ឈការនិងវិសហមជ្ឈការ ជាទិសដៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម ប្លែក វ៉ារី បន្តថាវិមជ្ឈការ និងវិសហមជ្ឈការ ឬជាការផ្ទេរអំណាចគ្រប់គ្រងដឹកនាំនៅមូលដ្ឋាននិងការទម្លាក់ថវិកាជាតិ ដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាគោលដៅចម្បងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈនិងឆ្លើយតបតម្រូវការ ។បច្ចុប្បន្នការផ្ទេរអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដែលថ្នាក់ខេត្តជាអ្នកសម្របសម្រួល លើបណ្ដាអង្គភាព ស្ថាប័ននិងមន្ទីរដែលបានកំពុងផ្ទេរការគ្រប់គ្រងមកឲ្យថ្នាក់ដឹកនាំខេត្ត ចំពោះតែលើមន្ត្រីប៉ុណ្ណោះ។ដូច្នេះអាជ្ញាធរមូលដ្ឋានបន្តអនុវត្តការងារជាផលប្រយោជន៍រួមជាធំដើម្បីឆ្លើយតបនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។
សូមជម្រាបថា សមាជិកក្រុមប្រឹក្សាស្រុកថ្មពួកនិងស្រុកស្វាយចេកអាណត្តិទី៤ នេះសរុបរួមមាន៣៨រូប ៕
ដោយៈគៀន ច័ន្ទហ៊ីន