អាជ្ញាធរដុតកម្ទេចគ្រឿងញៀនជាង ៤តោន តម្លៃរាប់សិបលានដុល្លារអាមេរិក (Video Inside)
គ្រឿងញៀនជាង ៤តោន តម្លៃច្រើនសិបលានដុល្លារអាមេរិក ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងទីតាំងមួយស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការដុតកម្ទេចចោលនេះ បានធ្វើនៅក្នុងពិធីមួយដោយមានការចូលរួមពីតំណាងអង្គភាព អនុវត្តច្បាប់នានាដែលបានចូលរួមក្នុងការបង្ក្រាបគ្រឿងញៀនទាំងនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។
ក្នុងរយៈពេល៦៩ថ្ងៃគិតត្រឹមថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ បន្ទាប់ពីមានការដាក់ចេញបទបញ្ជា មន្ត្រីក្រោមឱវាទតាមក្រសួង និងមន្ទីរសរុបចំនួន ៥ម៉ឺន ៦ពាន់ ៤៤៥នាក់ ត្រូវបានគេរកឃើញថា មាន ៧៦នាក់ មានសារធាតុញៀនក្នុងខ្លួន និងអ្នកទាំង ៧៦នាក់នេះ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ នៃអង្គភាពរដ្ឋ។