១៤ថ្ងៃនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង ១លាន ៥៧ម៉ឺនដុល្លារ (Video Inside)

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានការបរិច្ចាគពីពលរដ្ឋជាង ១លាន ៥៧ម៉ឺនដុល្លារ ក្នុងរយ:ពេល១៤ថ្ងៃនៃយុទ្ធនាការ។ គិតចាប់ពីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ចាប់ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៤ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ឃាន តួក បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ មានរយៈពេលពេញ ១ខែមិថុនានេះ ក្នុងគោលបំណងចម្បងចំនួន២ គឺដើម្បីលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងការបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា។

លោកបានបន្តថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាននិងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជានេះផងដែរ។

សូមបញ្ជាក់ថា ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

នាឱកាសនោះលោកជំទាវបណ្ឌិត បានថ្លែងថា «ការរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»៕

ads banner