រកឃើញគ្រាប់បែកទម្លាក់មិនទាន់ផ្ទុះ MK82 ក្នុងរណ្តៅដីនៅខណ្ឌកំបូល (Video Inside)
អត្ថបទដោយ៖
Apsara Net
គ្រាប់បែកទម្លាក់មិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ MK82 ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានប្រទះឃើញនៅក្នុងរណ្តៅដីមួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
អគ្គនាយកមជ្ឈមណ្ឌលអង្គការស៊ីម៉ាក់ លោក ហេង រតនា បានសរសេរនៅលើបណ្តាញសង្គមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះថា គ្រាប់MK82នោះ ត្រូវបានរកឃើញក្នុងរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែក ដោយយន្តហោះសហរដ្ឋអាមេរិក នៅទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង…និងបើគិតជាទម្ងន់សរុប មានចំនួនជាង ៤លានតោន និងក៏មានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ក្រោមការទម្លាក់គ្រាប់បែកចំនួនជាង ៥០ម៉ឺនដង ដោយយន្តហោះសហរដ្ឋអាមេរិក។