Disney គ្រោងចាយ ១៧ពាន់លានដុល្លារអភិវឌ្ឍសួនកម្សាន្តដ៏ធំនៅ Orlando
ផ្លរីដា៖ ក្រុមហ៊ុន Disney នឹងបោះទុនវិនិយោគរហូតដល់ ១៧ពាន់លានដុល្លារក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍរមណីយដ្ឋាន និងសួនកម្សាន្តដ៏ធំរបស់ខ្លួននៅតំបន់ Orlando។
ក្រុមប្រឹក្សារដ្ឋផ្លរីដាដែលមើលការខុសត្រូវលើការអភិវឌ្ឍន៍ដីនៅសួនកម្សាន្តរបស់ Disney បានអនុម័តកិច្ចព្រមព្រៀងរយៈពេល ១៥ឆ្នាំជាមួយក្រុមហ៊ុនកម្សាន្តខ្នាតយក្សមួយនេះ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមីនា ដើម្បីដោះស្រាយជម្លោះផ្លូវច្បាប់ និងនយោបាយ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Disney នឹងចាយទុន ១៧ពាន់លានដុល្លារក្នុងរយៈពេល ២០ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍរមណីយដ្ឋាន និងសួនកម្សាន្តដ៏ធំនៅតំបន់ Orlando។ ក្រុមប្រឹក្សាភិបាលរបស់ Disney បានអនុម័តជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃពុធទី១២ ខែមិថុនា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា កិច្ចព្រមព្រៀងដែលបានឈានដល់ក្នុងសប្តាហ៍នេះដែរ នឹងអនុញ្ញាតឱ្យបង្កើតសួនកម្សាន្ត Disney ដ៏ធំទី៥ នៅក្នុងតំបន់នេះ។
ប្រធានក្រុមហ៊ុន Walt Disney World Resort លោក Jeff Vahle បាននិយាយថា កិច្ចព្រមព្រៀងអភិវឌ្ឍន៍ថ្មីនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ពួកយើង ក្នុងការបោះទុនវិនិយោគរាប់ពាន់លានដុល្លារ។
របាយការណ៍របស់ក្រុមប្រឹក្សាត្រួតពិនិត្យរដ្ឋផ្លរីដា បាននិយាយថា ខ្លួនតម្រូវឱ្យក្រុមហ៊ុន Disney ធ្វើការវិនិយោគដើមទុនដ៏សំខាន់ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរដ្ឋផ្លរីដា ដោយបង្កើតការងារថ្មី និងបង្កើតប្រាក់ចំណូលបន្ថែម ទាំងរដ្ឋ និងប្រជាជនក្នុងតំបន់។ គិតមកទល់ពេលនេះ Disney មានបុគ្គលិករាប់ម៉ឺននាក់បម្រើការងារនៅសួនកម្សាន្ត និងទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងតំបន់ Orlando៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា