បង់ក្លាដែសជាប្រទេសងាយរងគ្រោះបំផុតលើពិភពលោក ដោយសារការប្រែប្រួលអាកាសធាតុ
ដាកា៖ បង់ក្លាដែសបានស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសកល។
អ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា ការកើនឡើងទឹកសមុទ្រ ដែលជំរុញដោយការប្រែប្រួលអាកាសធាតុ កំពុងជន់លិចឆ្នេរសមុទ្រដែលមានប្រជាជនរស់នៅច្រើនរបស់ប្រទេសបង់ក្លាដែស ក្នុងល្បឿនមួយដ៏លឿនបំផុត ហើយយ៉ាងហោចណាស់មនុស្សមួយលាននាក់នៅលើឆ្នេរសមុទ្រនេះ នឹងត្រូវបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
អគ្គនាយក នៃនាយកដ្ឋានបរិស្ថានបង់ក្លាដែស លោក Abdul Hamid បានកត់ត្រានៅក្នុងរបាយការណ៍មួយកាលពីខែមុនថា ប្រទេសមួយចំនួនបានជួបប្រទះផលប៉ះពាល់ដ៏ទូលំទូលាយ និងចម្រុះនៃការប្រែប្រួលអាកាសធាតុខ្លាំងដូចប្រទេសបង់ក្លាដែសដែរ។
ការសិក្សាចំនួនពីរផ្នែកផ្អែកលើការគណនាបានបង្ហាញថា ប្រទេសអាស៊ីខាងត្បូងដែលមានសណ្ឋានដីទាប កំពុងជួបប្រទះនឹងការកើនឡើងកម្រិតទឹកសមុទ្រខ្ពស់ជាង ៦០ភាគរយ ខ្ពស់ជាងមធ្យមភាគសកល។
នៅឆ្នាំ ២០៥០ អត្រាកើនឡើងកម្រិតទឹកសមុទ្រក្នុងតំបន់ នឹងធ្វើឱ្យមនុស្សជាងមួយលាននាក់ អាចនឹងបង្ខំចិត្តត្រូវផ្លាស់ទីលំនៅ នេះបើយោងតាមទិន្នន័យរបស់ផ្កាយរណប នៃទីភ្នាក់ងារអវកាសអាមេរិក NASA និងសមភាគីចិន CNSA៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា