អែប (APP) ស្តីពីការដាំ និង ថែទាំដើមឈើនឹងចេញដាក់ឱ្យប្រើសាកល្បងលើកដំបូងនៅថ្ងៃទី២៤ ខែមិថុនា

(ភ្នំពេញ)៖ ប្រព័ន្ធអែប (APP) ថ្មីមានឈ្មោះថា ចក្រាដែលជាកម្មវិធីទូរស័ព្ទដៃដើម្បីឱ្យពលរដ្ឋដាំដើមឈើហើយដាក់ឈ្មោះដើមឈើរបស់ខ្លួនបញ្ចូលក្នុងអែប ព្រមទាំងអាច តាមដានពីដើមឈើទាំងនេះផង នឹងត្រូវដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ។ នេះបើតាមការបញ្ចេញឱ្យដឹងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) ជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា ស្ដីពី «ការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងនៅកម្ពុជា» កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែតបានឱ្យដឹងថា ៖ កម្មវិធីអែប សម្រាប់ការប្រឡងប្រណាំងដាំដើមឈើនេះតាមពិតបានធ្វើហើយរួចរាល់តាំងតែពី៣ ខែមុនមកម្ល៉េះ ប៉ុន្តែត្រូវការអភិវឌ្ឍន៍ដើម្បីឱ្យប្រសើរនៅពេលដាក់ឱ្យប្រើប្រាស់ ។

បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងកាលពីមុនមកនេះថា ប្រព័ន្ធ អែប នេះ គឺនៅពេលពលរដ្ឋកម្ពុជាណាម្នាក់បាន ដាំដើមឈើរួចហើយ គេអាចថតដើមឈើនោះ រួចដាក់ឈ្មោះដើមឈើនោះដោយខ្លួនឯង។ ដើមឈើនោះនឹងក្លាយជារបស់ខ្លួនឯង ។ វានឹងនៅជាប់ក្នុងអែបនេះតែម្តង ។ គេអាចឆែកមើលពីទំហំដើមឈើនោះថា ធំប៉ុណ្ណាព្រោះវានឹងបង្ហាញឱ្យឃើញនៅក្នុងទូរស័ព្ទដៃជានិច្ច ។ ពិសេសតាមរយៈប្រពន្ធអែបនេះគេ ក៏អាចជជែកពិភាក្សាគ្នាពីការថែរក្សា និងវិធីការពារ ដើមឈើនេះបានទៀតផង ។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងដោយបញ្ជាក់ថា៖”ពាក្យថាអែបហ្នឹងជាហ្វេសប៊ុករបស់កម្ពុជាយើងដែលដាក់ឱ្យប្រើប្រាស់ដាំដើមឈើនៅកម្ពុជាសម្រាប់ជំរុញការទាក់ទាញ ការចូលចិត្ត ការស្រឡាញ់ពេញចិត្តដើមឈើនៅព្រះរាជាណាចក្រកម្ពុជាយើងតែម្តង” ។

សូមរំលឹកថា ក្រៅពីបង្កើតប្រព័ន្ធអែបមួយនេះក្រសួងបរិស្ថានក៏បានបង្កើតប្រព័ន្ធអែប១ទៀត និងប្រភេទដ្រូន ដែលគ្រោងនឹងដាក់ ឲ្យ ដំណើរការលើបណ្តាញ អ៊ីនធើណិត និងបំពាក់នូវ ដ្រូន ដល់ក្រុម មន្ដ្រីឧទ្យាននុរក្ស ក្នុងពេលឆាប់ៗនេះ ដើម្បី បង្កើន ការការពារធនធានព្រៃឈើ ឲ្យកាន់តែមានប្រសិទ្ធិភាព។កម្ម វិធីទូរស័ព្ទ(App) អាចឲ្យប្រជាពលរដ្ឋដឹងពីតំបន់អភិរក្សការពារដែលមិនអាចកាប់បំផ្លាញឬឈូសឆាយព្រៃឈើបានទេ។ក្រៅពីនេះ កម្មវិធីអែបនេះមិនចាំបាច់មានអ៊ីនធើណិតទេ ពោលគឺនៅពេល ដែលអ្នកប្រើប្រាស់ ទូរស័ព្ទដើរចូលតំបន់ការពារធម្មជាតិ ពួកគេនឹងដឹងភ្លាមថាទីកន្លែងនោះគឺជាតំបន់ការពារធម្មជាតិ ។

បើតាម ឯកឧត្តម អ៊ាង សុផល្លែត ក្នុងពេលនេះក្រសួងបរិស្ថាន បានសុំគោលការណ៍ពីរាជរដ្ឋាភិបាលហើយ ដើម្បី ដាក់ឲ្យដំណើរការអែបនេះ ហើយក្រសួងរំពឹងថានឹងទទួលបានការអនុញ្ញាត្តិឱ្យអនុវត្តទូទាំងប្រទេសនៅថ្ងៃខាងមុខ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner