បេតុងស្តុកថាមពល អាចប្រែក្លាយផ្ទះទាំងមូលទៅជាកន្លែងសាកថ្ម
អ្នកស្រាវជ្រាវអាមេរិក នៅវិទ្យាស្ថានបច្ចេកវិទ្យាក្នុងរដ្ឋ Massachusetts ហៅកាត់ MIT បានអះអាងថា ពួកគេទើបបានរកឃើញរបកគំហើញថ្មី «បេតុងស្តុកថាមពល» ដែលមានសក្ដានុពល ក្នុងការបំប្លែងផ្ទះទាំងមូល ឲ្យទៅជាកន្លែងសាកថ្ម។ នេះបើតាមការចេញផ្សាយ របស់កាសែត Independent កាលពីថ្ងៃព្រហស្បតិ៍។
ក្រុម MIT បានអះអាងថា ការបន្ថែមសារធាតុ ដែលមានចរន្តអគ្គិសនីខ្ពស់ ហៅថា «កាបូនខ្មៅ» ទៅក្នុងល្បាយទឹក និងស៊ីម៉ងត៍ បង្កើតបានជាបេតុង «Supercapacitor»។ ពួកគេជឿថា Supercapacitor មានសមត្ថភាពអាចបញ្ចូលថ្ម ដោយមិនប្រើខ្សែ សម្រាប់រថយន្តអគ្គិសនី ជាដើម។
MIT បានអះអាងថា ពួកគេគ្រោងនឹងសាងសង់ផ្ទះ ទំហំជាង១២ម៉ែត្រការ៉េ ដើម្បីបង្ហាញកាន់តែច្បាស់ អំពីបច្ចេកវិទ្យា ថ្មីនេះ។ ក្រុមអ្នកស្រាវជ្រាវ MIT ក៏បានរកឃើញថា បេតុងប្រភេទនេះ អាចយកត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ផ្លូវថ្នល់ ដើម្បីអាចឲ្យរថយន្តអគ្គិសនីសាកថ្ម ដោយឥតប្រើខ្សែ នៅពេលកំពុងបើកបរ ទៀងផង៕
ប្រែសម្រួល៖ សារ៉ាត