Trump ថា លោកមានទំនាក់ទំនងល្អ ជាមួយលោក Putin
មូស្គូ៖ នៅក្នុងកិច្ចសម្ភាសន៍មួយ នាពេលថ្មីៗនេះ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមានទំនាក់ទំនងល្អ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពេលនៅកាន់តំណែង ដោយលោកបានបន្ថែមថា ក្រោមរដ្ឋបាលរបស់លោក ជម្លោះនៅអ៊ុយក្រែន មិនអាចកើតមានឡើយ។
ក្នុងកម្មវិធី Podcast ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតអាមេរិក ឆ្នាំ២០២៤ រូបនេះ បានអះអាងថា លោកមានភាពតានតឹង ជាមួយសមភាគីរុស្ស៊ី ពិតមែន ប៉ុន្តែលោកអះអាងថា ពួកលោកទាំងពីរ ដែលចង់សំដៅ លើលោក Trump និង លោក Putin នៅតែមានទំនាក់ទំនងល្អខ្លាំង។
លោក Trump បានរំលឹកថា អរិភាពពេញលេញនៅក្នុងអ៊ុយក្រែន មិនកើតមានទេ កាលពីពេលលោកធ្វើជាប្រធានាធិបតី នៅចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ ២០២១ ដោយអះអាងទៀតថា ប្រសិនបើលោកបន្តជាប់ឆ្នោតឆ្នាំ២០២០ ទៀតនោះ សង្គ្រាមមិនអាចកើតមាន ដូចសព្វថ្ងៃនេះទេ។
លោក Trump បានសន្យាម្តងហើយម្តងទៀតថា លោកនឹងដោះស្រាយជម្លោះអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ ដោយលោកនឹងអង្គុយជជែក ទាំងជាមួយលោកZelensky និង លោក Putin ។
យ៉ាងណាមិញ វិមានក្រឹមឡាំងបាននិយាយ កាលពីខែមុនថា ប្រធានាធិបតីរុស្ស៊ីមិនមានទំនាក់ទំនងជាមួយលោក Trump ទេ ខណៈដែលលោក Zelensky វិញ មិនជឿជាក់ថា លោកអតីតប្រធានាធិបតីអាមេរិក រូបនេះ អាចបញ្ឈប់អរិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន នោះឡើយ៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត