រលកកំដៅបង្កើនល្បឿនកាត់រោមចៀមនៅអាល់បានី
បរទេស៖ នៅតំបន់វាលទំនាប ឌូកាត់ (Dukat) ភាគខាងត្បូង នៃប្រទេសអាល់បានី សកម្មភាពកាត់រោមចៀមត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ដើម្បីសង្គ្រោះពួកវា ពីការថប់ដង្ហើម នៅក្រោមសីតុណ្ហភាព ដែលកំពុងកើនឡើង។
អ្នកគង្វាលចៀម ត្រូវបង្ខំកាត់រោម ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ជីវវិទូ លោក ណេកហ៊ីប ហាស៊ូឡូកាច ( Nexhip Hysolokaj ) បាននិយាយថា រលកកំដៅ ដែលឡើងដល់ប្រហែល ៤០អង្សាសេ ឬលើសពីនេះ ដែលកំពុងកើតមាននៅភាគខាងត្បូងប្រទេស «អាចបណ្តាលឱ្យចៀមងាប់»។
លោកបានប្រាប់ទៀតថា «កាលពីប៉ុន្មានថ្ងៃមុននេះ រលកកំដៅជាមួយនឹងសីតុណ្ហភាពឡើងខ្ពស់មិនធម្មតាដូច្នេះ អ្នកគង្វាលត្រូវកាត់រោមចៀម ឲ្យបានលឿន»។
នៅប្រទេសអាល់បានី ដែលស្ថិតនៅលើឧបទ្វីបបាល់កង់ នៃតំបន់អឺរ៉ុបអាគ្នេយ៍ សត្វប្រភេទនេះគឺជាធនធានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជនបទ ដែលភាគច្រើន សម្រាប់ការយកទឹកដោះរបស់ចៀម។ កសិករបារម្ភថា ការឡើងកម្តៅ ប៉ះពាល់ខ្លាំងដល់ផលិតកម្មទឹកដោះចៀម ក្នុងនោះ ទម្ងន់ចៀមបានធ្លាក់ចុះ ពី៦៥គីឡូក្រាម មក ៥០គីឡូក្រាម ក្នុងមួយក្បាលៗ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត