សេដ្ឋកិច្ចឌីជីថលថៃកើនឡើង ប៉ុន្តែបារម្ភពីសង្គមមនុស្សចាស់

បាងកក៖ កាសែតថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ដោយដកស្រង់របាយការណ៍ បានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថលនៅប្រទេសថៃ រំពឹងថា នឹងកើនឡើងជាង១០ភាគរយ នៅឆ្នាំបន្ទាប់ ហើយអាចកើនឡើងទ្វេដង នៅប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែប្រទេសនេះកំពុងបារម្ភពីសង្គមមនុស្សចាស់ ដែលចាកឆ្ងាយពីឌីជីថល។

របាយការណ៍តំបន់ e-Conomy SEA Report 2022 បានបង្ហាញថា សេដ្ឋកិច្ចឌីជីថលថៃ ត្រូវបានគេរំពឹងថា នឹងឈានដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ជាមួយនឹងអត្រាកំណើន១៥ភាគរយ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងទ្វេដង ដល់ចន្លោះពីប្រហែល ១០០ពាន់លានដុល្លារទៅ ១៦៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣០។

យ៉ាងណាក៏ដោយ ប្រទេសថៃប្រឈមនឹងសង្គមមនុស្សចាស់ ក្នុងនោះប្រជាជនប្រហែល ១៣លាននាក់មានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ បើធៀបនឹងចំនួនប្រជាជនសរុប ជាង៦៦លាននាក់ នេះបើយោងតាមទិន្នន័យដដែល។ ប្រភពថា ពលរដ្ឋវ័យចំណាស់ទំនងជាប្រឈមនឹងហានិភ័យ ដោយសារកង្វះចំណេះដឹងផ្នែកឌីជីថល ហើយប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិក ដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរឌីជីថល ដ៏ធំមួយ។

លោក Srinivas Tata នាយកផ្នែកអភិវឌ្ឍន៍សង្គមរបស់ UN ESCAP បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងយឺតយ៉ាវ លើការចូលប្រើអ៊ីនធឺណិត បង្អាក់ដល់ចែករំលែក បច្ចេកវិទ្យាឌីជីថល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner