ប្រជាពលរដ្ឋ សហគមន៍វាលស្បូវចំនួន ៧៨គ្រួសារ ទទួលអំណោយមនុស្សធម៍

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៧៨គ្រួសាររស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៍ ដែលសប្បុរសជនឧបត្ថម្ភតាមរយៈអាជ្ញាធរខណ្ឌ ។

សកម្មភាពនាំយកអំណោយសប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ និង លោក ម៉ៅ សឿត ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ និងជាអធិការនគរបាលខណ្ឌ រួមជាមួយក្រុមការងារជាច្រើននាក់ទៀត ។

លោកអភិបាលខណ្ឌ បានថ្លែងថា ថ្វីដ្បិតតែអំណោយទាំងនេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន តាមរយៈអាជ្ញាធរខណ្ឌសម្រាបយកមកជួយឧបត្ថម្ភដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។

ក្រោមដំបូលសន្តិភាពប្រទេសជាតិយើងមានការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យើងចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព បន្តការអភិវឌ្ឍរីកចម្រើន ថែមទៀត ។ អ្វីដែលសំខាន់ ចាប់តាំងពីបងប្អូនមករស់នៅក្នុងសហគមន៍ នេះ គឺបងប្អូនមានភាពកក់ក្តៅដោយសារតែអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់រៀបចំលំនៅឋានចែកជូនបងប្អូននិង ធ្វើប្លង់ជាលក្ខណៈប្រព័ន្ធជូនបងប្អូន ដែលបងប្អូនមានសិទ្ធិ កាន់កាប់ តកូនតចៅ ។

លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ ដល់អាជ្ញាធរ សង្កាត់និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក អភិបាលខណ្ឌ និងក្រុមការងារបានធ្វើដំណើរចុះពិនិត្យស្ពានឈើដែលទើបតែសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាតប្រឡាយចូលទៅលំនៅដ្ឋាន ។

អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner