មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើភ្នំ «គីរីរម្យ» នឹងក្លាយជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍សម្រាប់ពុទ្ធសាសនា និងទេសចរណ៍

ភ្នំពេញ:មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» កំពុងក្លាយជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍សម្រាប់ ពុទ្ធសាសនា បូជនីយដ្ឋានទេសចរណ៍សាសនា និងជាកន្លែងបណ្តុះនូវគុណធម៌ សីលធម៌ ចរិយាធម៌ និង បដិបត្តិសមាធិ ដល់យុវជន និងពុទ្ធបរិស័ទ ទាំងជាតិ និងអន្តរជាតិ។
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌល និងជាប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា មណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៣ ក្រោមការឧបត្ថម្ភ ពីសម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក៏ដូចជាពុទ្ធបរិស័ទនៅទីជិតទីឆ្ងាយផ្សេងៗ រហូតមកដល់ពេលនេះមជ្ឈមណ្ឌលពុទ្ធសាសនាមួយនេះបានសម្រេចនូវសមិទ្ធផលជាច្រើន ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផង រួមចំណែកបណ្ដុះ បណ្ដាលអប់រំផ្លូវចិត្ត ធនធានមនុស្សផង ពិសេសរក្សានូវសន្តិភាព ព្រោះទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាគឺផ្ដល់សេចក្តីសុខផ្លូវចិត្ត ទៅមនុស្សទាំងអស់គ្នា ពេលមនុស្សគ្រប់គ្នាមានសេចក្តីសុខផ្លូវចិត្ត ចេះអធ្យាស្រ័យ ឲ្យគ្នានោះនឹងរួមចំណែកថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិ។

មហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលបានលើកឡើងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានជ្រើសរើសទីតាំង ដែលសម្បូរដោយធនធានធម្មជាតិ សម្រាប់សាងសង់ ចំណែកសំណង់ក្នុងមជ្ឈមណ្ឌល ក៏ជ្រើសរើសយករចនាបថខ្មែរដ៏ល្បីល្បាញ មកបញ្ចូលដើម្បីសាងសង់ផងដែរ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និង កាត់ខ្សែបូឆ្លងផ្លូវបេតុង៧ខ្សែក្នុងមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនៅកម្ពុជានៅគីរីរម្យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំក្រៅពីរួមគ្នាអភិរក្ស និងអភិវឌ្ឍ ក៏ត្រូវរួមគ្នាប្រើប្រាស់ទីកន្លែងនេះឱ្យបានផលប្រយោជន៍ ច្រើនបំផុតសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសជាតិយើង ជាពិសេស ទីកន្លែងនេះ ស័ក្តិសមបំផុតសម្រាប់ការអប់រំ លើកម្ពស់សីលធម៌សង្គម និងការបដិបត្តិសមាធិអប់រំចិត្ត៕
ដោយៈវណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner