ឥណ្ឌាជួបវិបត្តិរីងស្ងួតដ៏គួរឱ្យភ័យខ្លាច ចំពេលកំដៅខ្លាំង
បរទេស៖ នៅឆ្ងាយពីរដ្ឋធានីបុមបៃ របស់ឥណ្ឌា បណ្តាភូមិក្រីក្រ នៅក្នុងតំបន់នានា កំពុងរីងស្ងួតខ្វះទឹកប្រើប្រាស់ជាខ្លាំង ខណៈអ្នកជំនាញបាននិយាយថា វិបត្តិរីងស្ងួតបែបនេះ បង្ហាញពីបញ្ហាដ៏គួរឱ្យភ័យខ្លាច។
តម្រូវការទឹកប្រើប្រាស់កំពុងកើនឡើង នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ចំនួន១.៤ ពាន់លាននាក់។ ដោយសារតែការប្រែប្រួលអាកាសធាតុ បានជំរុញឱ្យភ្លៀង ធ្លាក់ខុសប្រក្រតី និងកំដៅខ្លាំង នាំឲ្យការផ្គត់ផ្គង់ទឹក ធ្លាក់ចុះយ៉ាងខ្លាំង។
អណ្តូងទឹករីងស្ងួត យ៉ាងលឿន ខណៈដែលសីតុណ្ហភាពនៅឆ្នាំនេះ មានការកើនឡើងលើសពី ៤៥ អង្សារសេ។ អ្នកស្រី Satgir អាយុ ៣៥ឆ្នាំ បាននិយាយ កាលពីថ្ងៃសៅរ៍ថា អ្នកស្រីបានចំណាយពេល ប្រហែល៦ ម៉ោង ក្នុងមួយថ្ងៃ ដើម្បីទៅយកទឹក ពីប្រភពដ៏តិចតួច។
បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំសម្រាប់ទីក្រុងបុមបៃ រួមមាន អាងស្តុកទឹកដែលតភ្ជាប់ដោយប្រឡាយ និងបំពង់បង្ហូរទឹកនានាក៏ដោយ ប៉ុន្តែ អ្នកជំនាញនិយាយថា ការបរាជ័យនៃការរៀបចំផែនការជាមូលដ្ឋាន មានន័យថា បណ្តាញនេះ ជារឿយៗ មិនត្រូវបានភ្ជាប់ទៅកាន់ភូមិជនបទ រាប់រយកន្លែង នៅក្នុងតំបន់ និងស្រុកមួយចំនួន នៅក្បែរៗនោះ។
ដើម្បីដោះស្រាយស្ថានការណ៍ ប្រជាជនត្រូវពឹងផ្អែកខ្លាំង លើអណ្តូងទឹកប្រពៃណី ប៉ុន្តែតម្រូវការលើសខ្លាំង ខណៈដែលកម្រិតទឹកក្រោមដីដ៏សំខាន់ កំពុងធ្លាក់ចុះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត