វៀតណាមគ្រោងដំឡើងពន្ធលើគ្រឿងស្រវឹងបន្ថែមទៀត

ហាណូយ៖ ក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើឱ្យដំឡើងពន្ធ លើភេសជ្ជៈមានជាតិអាល់កុល ឲ្យដល់ ១០០% នៅឆ្នាំ ២០៣០ ជាវិធានការមួយដែលត្រូវបានមើលឃើញថា អាចប៉ះពាល់ដល់ឧស្សាហកម្មភេសជ្ជៈ ក្នុងប្រទេស បន្ថែមទៀត នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post កាលពីពេលថ្មីៗនេះ។

ផ្អែកតាមកាសែតនេះ បានឲ្យដឹងថា យោងតាមសេចក្តីព្រាងសំណើ ដែលកំពុងរង់ចាំការអនុម័តពីសភាវៀតណាមនោះ ពន្ធលើស្រាបៀរ និងស្រានឹងត្រូវដំឡើងដល់ ចន្លោះពី៧០% ដល់ ៨០% នៅឆ្នាំ២០២៦ ហើយនឹងបង្កើន បន្តិចម្តងៗ ឲ្យដល់ ចន្លោះពី៩០% ទៅ ១០០% នៅឆ្នាំ២០២៣ បើប្រៀបធៀបនឹងពេលបច្ចុប្បន្ន គឺមានត្រឹមតែ ៦៥%។

ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយ នៅក្នុងសំណើនេះថា «តម្លៃស្រានឹងកើនឡើង២០% នៅឆ្នាំ ២០២៦ ធៀបនឹងឆ្នាំ២០២៥ ដោយបន្ថែមថា តម្លៃនឹងបន្តកើនឡើង ចន្លោះពី ២ទៅ ៣ភាគរយ អាស្រ័យលើកម្រិតអតិផរណា។ ក្រសួងបានបន្ថែមថា ការយកអត្រាពន្ធខ្ពស់គឺចាំបាច់ ដើម្បីជួយកាត់បន្ថយការផឹកគ្រឿងស្រវឹង នេះបើតាមកាសែត Bangkok Post ដដែល។

ប្រភពបានបន្ថែមថា ឧស្សាហកម្មស្រារបស់វៀតណាម ដែលមានម៉ាកយីហោធំៗ ចំនួនបួន រួមមាន ក្រុមហ៊ុនស្រា Dutch, Heineken, Danish និង Carlsberg ព្រមទាំង ក្រុមហ៊ុនស្រា ក្នុងស្រុក មានដូចជា Sabeco និង Habeco ជាដើម សុទ្ធតែបានរងផលប៉ះពាល់រួចទៅហើយ ដោយសារច្បាប់ស្តីពី «ភេសជ្ជៈ និងការបើកបរ» ដ៏តឹងរ៉ឹង តាំងពីឆ្នាំ ២០១៩។ ក្រសួងក៏បានស្នើឲ្យមានតម្លើងពន្ធប្រើប្រាស់ពិសេស បន្ថែម លើប្រភេទភេសជ្ជៈ Soft drinks ដែលមានជាតិផ្អែមច្រើន និងបារី ផងដែរ៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner