សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនទាន់មានការចាំបាច់ ក្នុងការហាមមិននាំចូលរថយន្តប្រើប្រាស់រួចនោះទេ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា មិនទាន់មានការចាំបាច់ ក្នុងការហាមមិននាំចូលរថយន្តប្រើប្រាស់រួចនោះទេ ប៉ុន្តែយើង ត្រូវពង្រឹងប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានរឹងមាំ និងជាប់ជាប្រចាំ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មកដល់ម៉ោងនេះ នៅកម្ពុជា មិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្ត ចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្ត ឱ្យបានល្អវិញ ។

សម្ដេចធិបតី បានបន្តថា ការកំណត់លើអាយុកាល ប្រើប្រាស់រថយន្ត មិនចាំបាច់មាននោះទេ ប៉ុន្តែត្រូវពង្រឹង លើការត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងមានគុណភាពខ្ពស់ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជា មិនទាន់ឈានដល់ការហាមឃាត់ផ្ទះមួយ ត្រូវមានរថយន្ត ឬម៉ូតូប៉ុន្មានគ្រឿងនៅឡើយនោះទេ។ រាជរដ្ឋាភិបាល នឹងបន្តដោះស្រាយបញ្ហាប្រឈមលើប្រព័ន្ធគមនាគមន៍ សម្រាប់ធ្វើដំណើរឱ្យកាន់តែប្រសើរថែមទៀត ។

សម្តេចក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន វិនិយោគលើកន្លែងចតរថយន្តឲ្យបានច្រើន នៅរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការចតរបស់ប្រជាពលរដ្ឋ ព្រោះនៅពេលអនាគត បញ្ហាកន្លែងចតរថយន្ត គឺជាបញ្ហាសំខាន់ ដោយសារតែចំនួនប្រជាពលរដ្ឋ ចេះតែមានការកើនឡើង ហើយយានយន្ត ក៏មានការកើនឡើងដែរ ។

សម្ដេចធិបតី ក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងលើការរៀបចំខ្សែរថយន្តក្រុងសាធារណៈ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រួលលើការធ្វើដំណើរ និងការចំណាយលើការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner