ប្រធានសហព័ន្ធ ហាប់គីដូ អាណត្តិថ្មី ប្តេជ្ញាបង្កើនការអភិវឌ្ឍឱ្យរីកចម្រើន ក្នុងថ្នាក់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖ លោកឧកញ៉ា សៅ សេងហាក់ បានប្តេជ្ញា ពង្រឹង និងពង្រីកវិសាលភាពកីឡាហាប់គីដូឱ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិ ដើម្បីនាំកិត្យានុភាពជូនជាតិ ការអះអាងនេះគ្រាដែល លោកឧកញ៉ា បន្តជាប់ជាប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ សម្រាប់ដឹកនាំអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ ។

លោកឧកញ៉ា ក៏បានដាក់ចេញផែនការយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ រួមមាន៖ ១. ប្ដេជ្ញារៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឱ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការ​អភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឱ្យកាន់តែមានភាពរីកចម្រើន។ ២.ប្តេជ្ញានឹងបន្តជំរុញទាំងការងាររដ្ឋបាល បណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឱ្យស្របតាមគោលការណ៍សហព័ន្ធជាសកល។ ៣.សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ដើម្បីចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ។ ៤.សហព័ន្ធ នឹងពង្រីកវិសាលភាពឱ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួត លើឆាកអន្តរជាតិតាមដែលលទ្ធភាព ដែលយើងអាចធ្វើទៅបាន ដើម្បីនាំលើកិត្យានុភាពហាប់គីដូកម្ពុជាឱ្យកាន់តែល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ។

ប្រធានសហព័ន្ធរូបនេះ ក៏បានបង្ហាញក្តីរីករាយ ដែលគណៈកម្មាធិការប្រតិបត្តិ​សហព័ន្ធខ្មែរ កីឡាហាប់គីដូ បានខិតខំប្រឹងប្រែងរៀបចំ និងធ្វើសកម្មភាព​នានា​ជាច្រើន ទាំងផ្នែករដ្ឋបាល ទាំងផ្នែកបច្ចេកទេស ដោយអនុវត្តទៅតាមគោលការណ៍ និងការណែនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធផងដែរ។

លោក ទុយ ​ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងតំណាង​ក្រសួង​អប់រំយុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការខិតខំអភិវឌ្ឍ​របស់សហព័ន្ធខ្មែរ​កីឡា​ហាប់គីដូ ធ្វើអោយកីឡាមួយនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រ​ពីមហាជន និងយុវជន​ ទោះមិនទាន់ទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍​ប្រចាំឆ្នាំពីក្រសួងក្តី។ ក្នុងអាណត្តិនេះ​ លោកជំរុញឱ្យសហព័ន្ធរៀបចំការស្នើសុំ​កញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យពិចារណា និងស្នើសុំបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ក្បាលម៉ាស៊ីនគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ២០២៤-២០២៨ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ រួមមាន៖ លោកឧកញ៉ា សៅ សេងហាក់ ប្រធាន អមដោយអនុប្រធាន៥រូប លោក គង់ ចាន់ធីណា អគ្គលេខាធិការ អមដោយអគ្គ​លេខាធិការង ២រូប និងអគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ដែលមាន​ចំនួន​សរុប ១៥រូប ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner