វៀតណាមដាក់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ៣៥លាននាក់នៅឆ្នាំ ២០៣០

ហាណូយ៖ វៀតណាមមានបំណងប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចនាំមុខគេនៅឆ្នាំ ២០៣០ ជាផ្នែកមួយនៃផែនការមេ ដែលត្រូវបានអនុម័តដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងពេលកន្លងមកនេះ។

ផែនការមេរបស់ប្រមុខដឹកនាំវៀតណាម បានកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ពី ២៥ ទៅ ២៨លាននាក់, អ្នកធ្វើដំណើរក្នុងស្រុក ១៣០លាននាក់ និងអត្រាកំណើនប្រចាំឆ្នាំ ពី ៨ ទៅ ៩ភាគរយនៃចំនួនភ្ញៀវទេសចរក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៥។ ប្រទេសវៀតណាម ទទួលបានភ្ញៀវបរទេសចំនួន ១២.៦លាននាក់កាលពីឆ្នាំ ២០២៣។

សម្រាប់នៅឆ្នាំ ២០៣០វិញ វៀតណាមរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ ៣៥លាននាក់ ហើយកើនឡើងប្រចាំឆ្នាំពី ១៣ ទៅ ១៥ភាគរយ ខណៈដែលអ្នកធ្វើដំណើរក្នុងស្រុកកើនឡើងដល់ ១៦០លាននាក់ និងកើនឡើង ពី ៤ ទៅ ៥ភាគរយជារៀងរាល់ឆ្នាំ។

វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងរួមចំណែកដោយផ្ទាល់ពី ៨ ទៅ ៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥ និងពី ១៣ ទៅ ១៤ភាគរយនៅឆ្នាំ ២០៣០។ ស្ថិតក្រោមផែនការមេ វិស័យទេសចរណ៍វៀតណាមនឹងបង្កើតការងារដល់មនុស្សប្រហែល ៦.៣លាននាក់ រួមទាំងការងារផ្ទាល់ ២.១លាននាក់នៅឆ្នាំ ២០២៥ និង ១០.៥លាននាក់ រួមទាំងការងារផ្ទាល់ ៣.៥លាននាក់នៅឆ្នាំ ២០៣០។

ដោយឡែកនៅឆ្នាំ ២០៤៥ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ហើយវៀតណាមក៏នឹងក្លាយជាទិសដៅលេចធ្លោទូទាំងពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍ទេសចរណ៍ខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាមផែនការមេ។

គម្រោងនេះក៏បានសម្លឹងមើលការមកដល់របស់ភ្ញៀវអន្តរជាតិចំនួន ៧០លាននាក់ ជាមួយនឹងចំណូលពីវិស័យទេសចរណ៍ប្រហែល ២៨.៦៨ពាន់លានដុល្លារ និងការរួមចំណែករបស់វិស័យនេះ ពី ១៧ ទៅ ១៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០៤៥៕ ប្រភព: VNExpress ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner