ក្រុមអតីតយុវជនដែលធ្វើការងារជាមួយអង្គការមាតាធម្មជាតិទម្លាយអំពីឧបាយកលខ្មៅកង្វក់របស់ជនបរទេសឈ្មោះ អេឡិច

ភ្នំពេញ៖ ក្រុមអតីតយុវជនដែលធ្លាប់បានធ្វើការងារជាមួយជនបរទេសឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន និងអង្គការមាតាធម្មជាតិ បានទម្លាយអំពីឧបាយកខ្មៅកង្វក់របស់ជនបរទេសឈ្មោះ អេឡិច ក្នុងការទាក់ទាញយុវជនអោយចូលរួមក្នុងការធ្វើការងារនយោបាយ និងប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ក្រោមរូបភាពធ្វើកិច្ចការងារសង្គម។ ជាពិសេសជំរុញយុវជនឱ្យចេញប្រឆាំងជាមួយរដ្ឋាភិបាលគ្រប់រូបភាព និងឱ្យយុវជនស្អប់អាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល។

លោក ម៉េង ហេង អតីតសកម្មជនមាតាធម្មជាតិបានថ្លែងថា ជនបរទេសឈ្មោះ អេឡិច បានឱ្យយុវជនអានសៀវភៅបដិវត្តន៍ពណ៌ដែលមានជាច្រើនប្រភេទ និងរបៀបផ្តួលរំលំមានច្រើនបែប។ ជនបរទេសរូបនេះតែងតែប្រាប់យុវជនពីរបៀប និងយុទ្ធសាស្ត្រនៃការផ្តួលរំលំ និងឱ្យយុវជនមើលសៀវភៅមួយចំនួនពាក់ព័ន្ធការតស៊ូមតិប្រឆាំងកុម្មុយនីស្ត និងការផ្តួលរំលំរបបផ្តាច់ការផ្សេងៗនៅតំបន់អឺរ៉ុប។

ចំណែកលោក មួង សូនី អតីតសកម្មជនមាតាធម្មជាតិ បានថ្លែងឱ្យដឹងដែរថា ជនបរទេសឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន មានគោលបំណងលាក់បាំងអំពីបរិស្ថាន ប៉ុន្តែអ្វីដែលជនបរទេសរូបនេះចង់បាន គឺផ្សព្វផ្សាយព័ត៌មានអាក្រក់ពីរាជរដ្ឋាភិបាល និងការចូលរួមបាតុកម្មរបស់យុវជន។ ជនបរទេសរូបនេះបានជម្រុញកម្លាំងយុវជនឱ្យចេញប្រឆាំងជាមួយរដ្ឋាភិបាលគ្រប់រូបភាព។ នយោបាយសំខាន់របស់ជនបរទេសឈ្មោះ អេឡិច គឺជំរុញយុវជន និងសហគមន៍ឱ្យស្អប់អាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល ហើយជំរុញឱ្យយុវជនបន្តធ្វើសកម្មភាពដែលប៉ះពាល់ដល់សាធារណជន ដើម្បីឱ្យយុវជនត្រូវបានចាប់ខ្លួន ដើម្បីយកព័ត៌មានផ្សព្វផ្សាយចេញទៅក្រៅប្រទេសថា រដ្ឋាភិបាលអាក្រក់។

រីឯលោក យីន ឌីនិត អតីតសកម្មជនមាតាធម្មជាតិបានបញ្ជាក់ថា សកម្មភាពជាមួយជនបរទេសឈ្មោះ អេឡិច គឺមិនបានជួយដល់សហគមន៍ រដ្ឋាភិបាល ឬក៏ប្រទេសជាតិទេ ពីព្រោះយើងការធ្វើសកម្មភាពប្រឆាំងនឹងការអភិវឌ្ឍ ប្រឆាំងសន្តិភាព ប្រឆាំងជាមួយអាជ្ញាធរស្របច្បាប់ ក៏ប៉ុន្តែសកម្មភាពទាំងអស់នេះ វាបង្កភាពរញ៉េរញៃ បង្កអស្ថេរភាពទៅដល់សន្តិភាព និងការអភិវឌ្ឍជាតិ។ លោក ឌីនិត បានបន្តថា ជនបរទេសឈ្មោះ អេឡិច ឱ្យយុវជនស៊ែរព័ត៌មាន និងឱ្យយុវជនអានសៀវភៅមួយចំនួនទាក់ទងវិធីសាស្ត្រក្នុងការធ្វើបាតុកម្មតវ៉ា។ អេឡិច បញ្ចុះបញ្ចូលយុវជនដើម្បីឱ្យធ្វើសកម្មភាពប្រឆាំងជាមួយអាជ្ញាធរ។ យុវជនមួយចំនួនចេះតែជឿតាមការកលួងលោមរបស់ អេឡិច ធ្វើសកម្មភាពប្រឆាំងជាមួយរដ្ឋាភិបាលរហូតដល់យុវជនខ្លះរងគ្រោះ និងរត់ចោលស្រុក៕
ដោយ៖ពលជ័យ

ads banner