មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នៅទីក្រុងញ៉ូដេលី

ទីក្រុងញ៉ូដេលី៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ផ្នែកឯកជន និងក្រុមសិល្បៈ មកពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ចូលរួមរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នៅសណ្ឌាគារ Shangri-La Eros ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា តាមរយៈជើងហោះហើរត្រង់លើកដំបូង ភ្នំពេញ-ញ៉ូដេលី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ដែលបានចាប់ផ្តើមហោះហើរលើកដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

គោលបំណងនៃការរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤”នេះ គឺដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្នុងទីផ្សារឥណ្ឌា និងអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ (កម្ពុជា និងឥណ្ឌា) ស្ថានទូត កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ធុរកិច្ចទេសចរណ៍កម្ពុជា ធុរកិច្ចទេសចរណ៍ឥណ្ឌា និងបណ្តាសារព័ត៌មានឥណ្ឌា ប្រមាណ ២០០នាក់ ។

ក្នុងព្រឹត្តិការណ៍ពិធីបើកខាងលើ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Manisha Saxena អគ្គនាយកនៃក្រសួងទេសចរណ៍ឥណ្ឌា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមទេសចរណ៍កម្ពុជា (CATA) ជាមួយសហព័ន្ធវាយកូនគោលកម្ពុជា (CGF) និងសម្ព័ន្ធទេសចរណ៍ឥណ្ឌា (TIA) ដើម្បីបង្កើនទំនាក់ទំនងវិស័យទេសចរណ៍រវាងផ្នែកឯកជននិងផ្នែកឯកជន។

ព្រឹត្តិការណ៍នេះនឹងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា និងអន្តរជាតិ ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងឈានមុខ ក៏ដូចជាចូលរួមជំរុញយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដើម្បីទាក់ទាញទេសចរ និងវិនិយោគិនឥណ្ឌាឱ្យមកទស្សនា និងវិនិយោគនៅ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” ឱ្យកាន់តែច្រើនថែមទៀត ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner