រថភ្លើងបុកគ្នាផ្តាច់ជីវិតមនុស្ស ៨នាក់នៅឥណ្ឌា

ញូវដែលី៖ ប៉ូលិស និងមន្ត្រីផ្លូវដែកឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលរថភ្លើងដឹកទំនិញមួយគ្រឿងបានរត់បុករថភ្លើងដឹកអ្នកដំណើរមួយគ្រឿងទៀត។

ឧបទ្ទវហេតុរថភ្លើងចំនួនពីរគ្រឿងរត់បុកគ្នានេះ បានកើតឡើងនៅក្នុងតំបន់ Phansidewa ស្រុក Darjeeling នៃរដ្ឋ West Bengal នៅពេលដែលរថភ្លើង Kanchenjunga Express បានរត់បុករថភ្លើងដឹកទំនិញមួយគ្រឿងទៀតពេញទំហឹង។

លោកស្រី Jaya Varma Sinha ប្រធានក្រុមប្រឹក្សាភិបាលផ្លូវដែកឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ៨នាក់បានបាត់បង់ជីវិត និងប្រហែល ៥០នាក់បានរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

លោកស្រីបន្ថែមថា អ្នកស្លាប់ រួមមានអ្នកបញ្ជារថភ្លើង និងអ្នករួមដំណើរ ព្រមទាំងឆ្មាំរថភ្លើង និងអ្នកដំណើរ ៥នាក់ផងដែរ។ ភ្លាមៗ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានផ្ញើសាររំលែកទុក្ខដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

អភិបាលរដ្ឋ West Bengal លោកស្រី Mamata Banerjee បានហៅគ្រោះថ្នាក់នេះថា “សោកនាដកម្ម”។ មន្ត្រីប៉ូលិសក្នុងតំបន់បានប្រាប់ កាសែតបារាំង AFP ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយសារមនុស្ស៤នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រទេសឥណ្ឌាមានបណ្តាញផ្លូវដែកដ៏ធំបំផុតមួយរបស់ពិភពលោក ហើយតែងតែជួបគ្រោះមហន្តរាយជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ តួយ៉ាង គ្រោះថ្នាក់អាក្រក់បំផុតមួយបានកើតឡើងក្នុងឆ្នាំ ១៩៨១ នៅពេលដែលរថភ្លើងបានធ្លាក់ផ្លូវពេលកំពុងឆ្លងកាត់ស្ពានក្នុងរដ្ឋ Bihar ដោយបានសម្លាប់មនុស្សប្រហែល ៨០០នាក់។ ដោយឡែក កាលពីខែមិថុនាឆ្នាំមុន គ្រោះថ្នាក់រថភ្លើងចំនួនបីលើកក៏បានសម្លាប់មនុស្សជិត ៣០០នាក់ក្នុងរដ្ឋ Odishaផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner