រុស្ស៊ីចំអកថា កិច្ចប្រជុំសន្តិភាពអ៊ុយក្រែនទទួលបានលទ្ធផលស្មើសូន្យ

មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលដឹកនាំដោយទីក្រុងគៀវ ទទួលបានលទ្ធផលស្មើសូន្យ។

មន្ត្រីមកពីជាង៩០ប្រទេសបានប្រមូលផ្តុំគ្នានៅប្រទេសស្វីសកាលពីចុងសប្តាហ៍មុន ដើម្បីគាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន ប៉ុន្តែបានបន្សល់ទុកនូវសំណួរសំខាន់ៗ អំពីរបៀបបញ្ចប់ជម្លោះដែលមិនទាន់ត្រូវបានដោះស្រាយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រសិនបើយើងនិយាយអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរជាតិនេះ គឺស្មើសូន្យ។ ឯកសារចុងក្រោយមួយ ទទួលការគាំទ្រដោយប្រទេសភាគច្រើន ប៉ុន្តែប្រទេសមួយចំនួនទៀតមិនបានចុះហត្ថលេខាលើវាទេ រួមទាំងអារ៉ាប៊ីសាអូឌីត ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម។

លោក Peskov បន្ថែមថា ប្រទេសជាច្រើនបានយល់ច្បាស់ពីការខ្វះចន្លោះនៃកិច្ចពិភាក្សានេះ ពីព្រោះតែគ្មានវត្តមានរបស់ប្រទេសយើង ហើយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែបើកចំហចំពោះការសន្ទនា។

លោក ពូទីន កាលពីសប្តាហ៍មុនបាននិយាយថា រុស្ស៊ីនឹងចូលរួមការចរចាសន្តិភាព ប្រសិនបើអ៊ុយក្រែនបោះបង់ចោលតំបន់ចំនួនបួនរបស់ខ្លួន និងយល់ព្រមចុះចាញ់។ រុស្សីបានបើកការវាយលុកពេញលេញប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner