ជនភៀសខ្លួនមកពី១៧៧ប្រទេស ឆ្លងកាត់ម៉ិកស៊ិកឆ្ពោះទៅជ្រកកោនអាមេរិក
ម៉ិចស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិកបានឱ្យដឹងថ្មីៗនេះថា គិតមកទល់ពេលនេះ មនុស្សប្រហែល ១.៣៩លាននាក់មកពី ១៧៧ប្រទេស បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីព្យាយាមទៅកាន់សហរដ្ឋអាមេរិកដោយគ្មានឯកសារចូល។
វិទ្យាស្ថានជាតិទេសន្តរប្រវេសន៍បាននិយាយថា ជនចំណាកស្រុកដែលឆ្លងកាត់ម៉ិកស៊ិកឆ្ពោះទៅអាមេរិក ភាគច្រើនជាបុរស និងស្ត្រីដែលធ្វើដំណើរតែម្នាក់ឯង ហើយជិត ៣,០០០នាក់ជាអនីតិជន គិតចាប់ពីខែមករា រហូតដល់ចុងខែឧសភា។
តួលេខជនអន្តោប្រវេសន៍មកពី ១៧៧ប្រទេសនេះ ស្ទើរតែតំណាងឱ្យពិភពលោកទាំងមូល ពីព្រោះអង្គការសហប្រជាជាតិមាន ១៩៣ប្រទេសជាសមាជិក។ ចំនួនជនចំណាកស្រុកច្រើនជាងគេ គឺជិត ៣៨០,០០០នាក់មកពីប្រទេសវេណេស៊ុយអេឡា ដែលបានស៊ូទ្រាំនឹងការលំបាកផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់មកគឺប្រទេសក្វាទេម៉ាឡា, ហុងឌូរ៉ាស់, អេក្វាទ័រ និងហៃទី ដែលសុទ្ធតែរងគ្រោះដោយអំពើហឹង្សារបស់ក្រុមក្មេងទំនើង និងការជួញដូរគ្រឿងញៀនជាដើម។
វិទ្យាស្ថានជាតិទេសន្តរប្រវេសន៍បន្ថែមថា អ្នកផ្សេងទៀតដែលព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ម៉ិកស៊ិក ដើម្បីស្វែងរកជីវិតប្រសើរជាងមុននៅក្នុងសហរដ្ឋអាមេរិក គឺមកពីប្រទេសឆ្ងាយដូចជាចិន ឥណ្ឌា ម៉ូរីតានី និងអង់ហ្គោឡា។
ក្នុងឆ្នាំ ២០២៣ មានតែមនុស្សជាង ២.៤លាននាក់ប៉ុណ្ណោះ បានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយគ្មានឯកសារចាំបាច់ នេះបើយោងតាមតួលេខរបស់សហរដ្ឋអាមេរិក។ លំហូរនេះបានឡើងដល់កំណត់ត្រាមនុស្ស ១០.០០០នាក់ក្នុងមួយថ្ងៃក្នុងខែធ្នូ បើទោះជាចំនួននេះបានធ្លាក់ចុះខណៈប្រទេសទាំងពីរកំពុងវិធានការបង្ក្រាបលើការឆ្លងដែនបែបនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា