អង់គ្លេសវ៉ាដាច់ចិន ជាទីផ្សារនាំចេញធំជាងគេទីបួនរបស់ឥណ្ឌា
ឡុងដ៍៖ ទិន្នន័យនាយកដ្ឋានពាណិជ្ជកម្មបានបង្ហាញថា អង់គ្លេសបានវ៉ាដាច់ចិនក្លាយជាទីផ្សារនាំចេញធំជាងគេទីបួនរបស់ឥណ្ឌានៅក្នុងខែឧសភា ឆ្នាំ ២០២៤។ ចក្រភពអង់គ្លេសគឺជាគោលដៅនាំចេញធំជាងគេទីប្រាំមួយរបស់ឥណ្ឌាកាលពីខែឧសភាឆ្នាំមុន។
ការនាំចេញរបស់ឥណ្ឌាទៅកាន់អង់គ្លេសកើនឡើងមួយភាគបី ដល់ ១.៣៧ពាន់លានដុល្លារនៅក្នុងខែឧសភាឆ្នាំនេះ ខណៈការនាំចេញទៅកាន់ចិនកើនឡើង ៣ភាគរយ ដល់ ១.៣៣ពាន់លានដុល្លារ។
និន្នាការក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានបង្ហាញថា ការនាំចេញរបស់ឥណ្ឌាទៅកាន់អង់គ្លេស បានគ្របដណ្ដប់ដោយទំនិញ ដូចជាគ្រឿងម៉ាស៊ីន ទំនិញម្ហូបអាហារ ផលិតផលឱសថ វាយនភណ្ឌ គ្រឿងអលង្ការ និងដែក ក្នុងចំណោមទំនិញផ្សេងៗទៀត។
ទិន្នន័យរបស់នាយកដ្ឋានពាណិជ្ជកម្មឥណ្ឌាបានបង្ហាញថា ទីផ្សារនាំចេញសំខាន់ៗចំនួន១០ របស់ឥណ្ឌា បានឃើញកំណើនវិជ្ជមាននៅក្នុងខែឧសភា ដោយផ្លាស់ប្តូរនិន្នាការនៅពេលដែលការនាំចេញទៅកាន់ប្រទេសមួយចំនួនបានធ្លាក់ចុះអស់រយៈពេលជាងមួយឆ្នាំ។
ប្រទេសទាំង១០នេះមាន ៥២ភាគរយនៃតម្លៃសរុបរបស់ប្រទេសដែលបាននាំចេញនៅក្នុងខែឧសភា។ ការនាំចេញទំនិញរបស់ឥណ្ឌាបានកើនឡើង ៩.១៣ភាគរយក្នុងខែឧសភា ដល់ ៣៨ពាន់លានដុល្លារ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបន្តនៅតែជាគោលដៅនាំចេញដ៏ធំបំផុតរបស់ឥណ្ឌា ជាមួយនឹងកំណើន ១៣ភាគរយ តាមពីក្រោយដោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម កើនឡើង ១៩ភាគរយ។
ការនាំចេញទៅកាន់ហូឡង់ ដែលជាទីផ្សារនាំចេញធំទី៣ របស់ឥណ្ឌា បានកើនឡើងដល់ ២.១៩ពាន់លានដុល្លារ ជាមួយនឹងកំណើនជិត ៤៤ភាគរយនៅក្នុងខែឧសភាឆ្នាំនេះ៕ ប្រភព: Business Standard ប្រែសម្រួលដោយ: ឈឹម ទីណា