ប្រទេសចំនួន ៩ ចាយ ៩០ពាន់លានដុល្លារ លើអាវុធប្រល័យលោក ត្រឹម ១ឆ្នាំ
ការសិក្សាថ្មីរបស់ យុទ្ធនាការ «អន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ» ហៅកាត់ អាឃិន (ICAN) បានបង្ហាញនៅថ្ងៃចន្ទនេះថា ប្រទេសចំនួន៩ បានចំណាយ ៩១ពាន់លានដុល្លារអាមេរិក លើការបង្កើនស្តុក អាវុធនុយក្លេអ៊ែរ ស្របពេលដែលភាពតានតឹងលើពិភពលោក បានកើនឡើងខ្លាំង។
របាយការណ៍នេះបញ្ជាក់បន្ថែមថា បើធៀបនឹងឆ្នាំ២០២២ ការចំណាយសរុប បានកើនឡើង ជិត ១១ពាន់លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០២៣ ប្រទេសដែលចំណាយច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានជាង ៥១ពាន់លានដុល្លារអាមេរិក។ បន្ទាប់មក គឺប្រទេសចិន ជិត ១២ពាន់លានដុល្លារ។ រីឯ អង់គ្លេស លេខបី បានចំណាយជាង៨ពាន់លានដុល្លារ។ ក្រៅពីនេះ ក៏មានបារាំង ឥណ្ឌា អ៊ីស្រាអែល ប៉ាគីស្ថាន និងកូរ៉េខាងជើង ជាដើម សុទ្ធតែបានបង្កើនការចំណាយ ប្រមាណ៣០ភាគរយ។
របាយការណ៍ដដែលបានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៨មក ប្រទេសដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានចំណាយប្រាក់សរុបប្រមាណ ៣៨៧ពាន់លានដុល្លារ លើអាវុធប្រល័យលោក។
ប្រធាន ICAN លោកស្រី Melissa Parke បានប្រាប់ថា ប្រទេសទាំងនេះកំពុងប្រជែងគ្នាលើសព្វាវុធ។
លោក Wilfred Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ ស៊ីប្រ៊ិ (SIPRI) និយាយថា នេះជាអ្វីដែលលោកមិនធ្លាប់ឃើញ ចាប់តាំងពីសង្គ្រាមត្រជាក់ មក»។ បើតាម SIPRI ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកាន់កាប់ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ស្ស៊ី និង ចិន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត