អាជ្ញាធរជាតិអប្សរា សម្រុកសម្អាតរុក្ខជាតិតាមប្រាសាទក្នុងតំបន់អង្គរ

ភ្នំពេញ៖ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នាដើមរដូវវស្សានេះក្រុមការងារសម្អាត​រុក្ខជាតិ​តាមប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់​អាជ្ញាធរ​ជាតិអប្សរា កាន់តែមមាញឹកក្នុងការកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅដុះនៅតាម​ប្រា​សាទ​ទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាង្គប្រាសាទ។

ទាក់ទិនក្នុងរឿងនេះលោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ បានឱ្យដឹងនៅក្នុងពេលដឹកនាំក្រុមការងារចុះសម្អាតនៅប្រាសាទតាកែវថា ការកាត់​សម្អាតរុក្ខជាតិ និងស្មៅនៅតាមប្រាសាទ គឺដើម្បីចៀសវាងកុំឱ្យវាបង្កផលប៉ះពាល់​ដល់រចនាសម្ពន្ធរបស់ប្រាសាទ ទាំងប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ។ ជាពិសេស​រដូវវស្សា គឺក្រុមការងារកាន់តែមមាញឹកសម្អាតនៅគ្រប់ប្រាសាទទាំងអស់ ដែលស្ថិត​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុង និងក្រៅតំបន់អង្គរ។

លោក ងិន ធី បន្តថា ក្នុងឆ្នាំនេះ ថ្វីត្បិតតែអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យស្មៅមិនសូវមាន​ដុះក៏ប៉ុន្តែចំពោះរុក្ខជាតិនៅតែដុះលូតលាស់ធម្មតា និងដុះកាន់តែច្រើននៅពេល​រដូវភ្លៀង។ បញ្ហានេះ ទាមទារឱ្យមានការសម្អាតជាប្រចាំ ដើម្បីសោភ័ណភាពរបស់​ប្រាសាទ​បុរាណផងនិងជៀសវាងការប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធ​ផ្សេងៗ​​របស់ប្រាសាទផង។

លោក ងិន ធីបានលើកឡើងដោយ បញ្ជាក់ថា ការងារសម្អាតនេះ អាចរំខានដល់​ទេសចរក្នុងរយៈពេលខ្លី ហើយលោកក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទស្សនាប្រាសាទនានា ស្របពេលក្រុមការងារសម្អាតកំពុងបំពេញការងារ មេត្តាកុំចូលទៅជិត ចៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណា​មួយជាយថាហេតុ​។ ម្យ៉ាងទៀត សូមចូលថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ដើម្បីលើ​កម្ពស់បរិស្ថាន និងតម្លៃជាសកលរបស់បេតិកភណ្ឌពិភពលោក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner