ថៃនឹងក្លាយជាប្រទេសអាស៊ានដំបូងគេ អនុញ្ញាតឱ្យមនុស្សភេទដូចគ្នារៀបការស្របច្បាប់

បាងកក៖ សមាជិកសភាថៃបានជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដើម្បីបោះឆ្នោតលើការធ្វើឱ្យអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នាស្របច្បាប់ ប្រការនេះនឹងនាំឱ្យថៃក្លាយជាប្រទេសអាស៊ានដំបូងគេដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍។

ព្រឹទ្ធសភាថៃត្រូវបានគេរំពឹងថា នឹងអនុម័តច្បាប់នេះ បន្ទាប់មកវានឹងត្រូវដាក់ថ្វាយទៅព្រះមហាក្សត្រថៃ Maha Vajiralongkorn ដើម្បីទទួលស្គាល់ជាផ្លូវការ ហើយច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ បន្ទាប់ពីការបោះពុម្ភផ្សាយនៅក្នុងព្រះរាជសារផ្លូវការ។

បើសិនច្បាប់នេះត្រូវបានអនុម័តមែននោះ ថៃនឹងក្លាយជាប្រទេសអាស៊ានដំបូងគេ និងជាប្រទេសទី៣ក្នុងទ្វីបអាស៊ី ដែលគូស្នេហ៍ភេទដូចគ្នាអាចរៀបការស្របច្បាប់បាន បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ហើយសកម្មជនក៏កំពុងសង្ឃឹមដែរថា អាពាហ៍ពិពាហ៍ដំបូងអាចនឹងត្រូវប្រារព្ធឡើងនៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

សមាជិកសភាមកពីគណបក្សចលនាឆ្ពោះទៅមុខ លោក Tunyawaj Kamolwongwat បាននិយាយប្រាប់អ្នកសារព័ត៌មានថា ថ្ងៃនេះ ជាថ្ងៃដែលប្រជាជនថៃនឹងមានស្នាមញញឹម… វាគឺជាជ័យជំនះសម្រាប់ប្រជាជន… ហើយថ្ងៃនេះ ទីបំផុតវាកំពុងកើតឡើងនៅប្រទេសថៃហើយ។

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាបានចាប់ផ្តើមសម័យប្រជុំរបស់ពួកគេនៅម៉ោង ៩៖៣០នាទីព្រឹកថ្ងៃអង្គារនេះ ហើយការបោះឆ្នោតដើម្បីផ្តល់ការអនុម័តចុងក្រោយចំពោះច្បាប់នេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅពេលរសៀលថ្ងៃដដែល។ ច្បាប់ថ្មីនេះបានផ្លាស់ប្តូរពាក្យ “បុរស” “ស្ត្រី” “ប្តី” និង “ភរិយា” ក្នុងច្បាប់អាពាហ៍ពិពាហ៍ ទៅជាពាក្យអព្យាក្រឹតយេនឌ័រ។

ប្រទេសជាង៣០ជុំវិញពិភពលោក បានធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ចាប់តាំងពីហូឡង់បានក្លាយជាប្រទេសដំបូងគេ ដែលអនុម័តលើច្បាប់នេះកាលពីឆ្នាំ២០០១។ ប៉ុន្តែនៅអាស៊ី មានតែតៃវ៉ាន់ និងនេប៉ាល់ប៉ុណ្ណោះ ដែលទទួលស្គាល់ អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner