សម្តេចតេជោ និងសម្តេចធិបតី ចាត់បញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ទៅជួបនិងជួយទទួលការពារក្ដីជូនគ្រួសារជនរងគ្រោះដែលរងការបាញ់សម្លាប់ពីសំណាក់ឧកញ៉ា ស្រី ស៊ីណា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ឱ្យបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួបនិងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះដែលរងការបាញ់សម្លាប់ពីសំណាក់ឧកញ៉ា ស្រី ស៊ីណា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីប៉េងហួតបឹងស្នោរ។
លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។
ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូនផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមិថុនា សមត្ថកិច្ចបានចាប់ខ្លួនឧកញ៉ាម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់។ ចំណែកមនុស្សចំនួន៣នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្នុងបុរីប៉េងហួតបឹងស្នោរ។ ឧកញ៉ាដែលចាប់ខ្លួនឈ្មោះ ស្រី ស៊ីណា អាយុ៥០ឆ្នាំ។ ឧកញ៉ារូបនេះបានជិះរថយន្តរត់គេចខ្លួនទៅដល់អង្គស្នួលត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡុង លីសុង (ប្រុស) និងឈ្មោះ ឃីន កញ្ចណា។ អ្នកទាំងពីរជាគូរដណ្តឹងនឹងគ្នា។
ករណីឃាតកម្មបាញ់សម្លាប់មនុស្សចំនួន២នាក់ និងរបួសម្នាក់ នៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរ ផ្លូវ P10 គម្រោង ៧ កាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ តាមចម្លើយសាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍ខាងលើបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុខ្លួននឹងម្ចាសផ្ទះកំពុងតែបំពេញកាងារដូចសព្វដង ស្រាប់តែលេចមុខបុរសជាជនល្មើសដើរចូលមករួចនិយាយគ្នាចុះឡើងរឿងព្រំប្រទល់រហូតដលតឹងសសៃរកដាក់គ្នាយ៉ាងខ្លាំងធ្វើឱ្យបុរសខាងលើទ្រាំមិនបាន ក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចជនល្មើសបានរតគេចខ្លួនបាត់៕
ដោយ៖ពលជ័យ