ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន គឺជាខ្មាំងផ្ទៃក្នុង ដែលត្រូវដាច់ខាតរួមគ្នាកម្ទេចចេញពីសង្គមជាតិយើង

កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន គឺជាខ្មាំងផ្ទៃក្នុងរបស់យើង ដែលត្រូវដាច់ខាតរួមគ្នាកម្ទេច និងកម្ចាត់ខ្មាំងមួយនេះ ចេញពីសង្គមជាតិយើង។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ក្នុងពិធីសំណេះសំណាល និងចែកអាវភ្លៀង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រគល់ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិទី៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងម្នាក់ ត្រូវមានស្មារតីការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជន ជាប់ជានិច្ច។ ជាមួយគ្នានេះ មេបញ្ជាការរងកងទ័ពជើងគោកបាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមនាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់បងប្អូនកងប្រដាប់អាវុធ និងក្រុមគ្រួសារ។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងប្រដាប់អាវុធរបស់យើង និងគ្រួសារ ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ៕
ដោយ៖ពលជ័យ

ads banner